មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តសិស្សជំនាញនគរបាលជាង ១ពាន់នាក់ ដែលបញ្ចប់ការសិក្សា ត្រូវខិតខំបម្រើរាស្រ្ដ ប្រកបដោយបេះដូង និងគុណធម៌
កណ្ដាល៖ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមចំនួន ១២វគ្គ ស្មើនឹង ១,២៤២នាក់ នារី ១៩២នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។
លោកបណ្ឌិត ទូច វិសាលសុខ បានលើកឡើងថា ពេលដែលចូលបម្រើការងារផ្ទាល់នៅមូលដ្ឋាន សូមយកបេះដូងមកបម្រើប្រជារាស្ត្រប្រកបដោយគុណធម៍ វិជ្ជាជីវៈ សក្ដិសមនឹងកិត្តិយសជាមន្ត្រីនគរបាលជាតិ ដែលថ្លៃថ្នូរ ទើបទទួលបានការគាំទ្រពូប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានរៀងៗខ្លួន។
លោកបណ្ឌិតបន្តថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្ដល់អទិភាពខ្ពស់ ព្រមទាំងគាំទ្រ ឧបត្ថម្ភដល់ការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារដោយការលើកទឹកចិត្តតាមរូបភាពផ្សេងៗ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈស្របតាមតម្រូវការ។ ហេតុនេះ ក្នុងយុគសម័យដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងលឿន និងក្នុងបរិបទភាវូបនីយកម្មក្រសួងមហាផ្ទៃ បានកំណត់ចក្ខុវិស័យវែងឆ្ងាយ និងបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានភាពជឿជាក់ពីប្រជាពលរដ្ឋ។
លោកបណ្ឌិត បានថ្លែងកោតសរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំង អំពីការវិវត្តរីកចម្រើនរបស់បណ្ឌិតសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ការបំពាក់ឧបករណ៍សម្ភារ ការកែលម្អសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្ដែងស្តង់ដារគុណភាពលើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំង ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយអភិវឌ្ឍន៍បណ្ឌិតសភា។
ក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រឧបត្ថម្ភ និងផ្តល់អាទិភាពខ្ពស់ដល់ការងារបណ្តុះបណ្តុះបណ្តាល ដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំង សម្រាប់បន្តវេនថ្មីមួយជំនាន់ទៅមួយជំនាន់។
លោកបណ្ឌិតទទួលស្គាល់ថា ក្រោមស្មារតីកែទម្រង់ ទស្សនៈទំនើបកម្មនិយម គំនិតច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ដែលមិនត្រឹមតែឆ្លើយតប ទៅនឹងតម្រូវការបណ្ដុះបណ្ដាល ប្រកបដោយគុណភាព និងស្តង់ដាខ្ពស់ប៉ុណ្ណោះទេថែមទាំងបានស្នើកកម្ពស់ និងមានវឌ្ឍនភាព សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ស្នឹង លើឆាកអន្តរជាតិផងដែរ។ ស្នាដៃទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកម្លាំងនគរបាលជាតិ ដែលមានវិជ្ជាជីវៈខ្ពស់ សុចរិតភាព ស្មារតី បម្រើប្រជាពលរដ្ឋនិងភាពស្មោះត្រង់ចំពោះជាតិ។
លោកបណ្ឌិត សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងយោធពលខេមរភូមិន្ទ និងវីរនគរបាលជាតិ ដែលបាននិងកំពុងឈរជើងជាប្រចាំនៅសមរភូមិមុខនៃព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។
លោកបណ្ឌិត បានថ្លែងកោតសរសើរដល់និស្សិតនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សាពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
អត្ថបទ៖ ឈុន សុភ័ក្រ