ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ចាត់ទុកការបរិច្ចាគឈាមគឺជាសកម្មភាពវីរភាព ព្រោះអ្នកផ្តល់ឈាមគ្រប់រូប គឺជាអ្នកផ្តល់ជីវិត និងជាអ្នកសាបព្រួសក្តីសង្ឃឹមថ្មី ជូនអ្នកជំងឺ

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ មានប្រសាសន៍ថា ការបរិច្ចាគឈាមគឺជាសកម្មភាពវីរភាព ព្រោះអ្នកផ្តល់ឈាមគ្រប់រូបគឺជាអ្នកផ្តល់ជីវិត និងជាអ្នកសាបព្រួសក្តីសង្ឃឹមថ្មី ជូនអ្នកជំងឺដែលមានតម្រូវការ។ លោហិតដែលចេញពីរាង្គកាយរបស់អ្នកបរិច្ចាគគ្រប់ៗរូប នឹងក្លាយជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សម្រាប់សង្គ្រោះជីវិតជនរួមជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពអាសន្ននៅតាមមន្ទីរពេទ្យនានា។ 

មានប្រសាសន៍ ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ទីរពេទ្យកាល់ម៉ែត, លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរក្សានូវប្រពៃណីដ៏ល្អប្រពៃនេះ ជារៀងរាល់ឆ្នាំជាពិសេសការបរិច្ចាគឈាមធ្វើឡើងនៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងជិតឈានមកដល់នាពេលខាងមុខនេះ គឺជាការសាងកុសលដ៏ថ្លៃថ្លាបំផុត ដូចដែលព្រះឧត្ដមវង្សាបណ្ឌិត គូ សុភាព តែងតែមានសង្ឃដីកាអប់រំថា ការលះបង់នូវអ្វីដែលជាផ្នែកនៃសរីរាង្គ ដើម្បីជីវិតអ្នកដទៃ គឺជាទានបារមីកម្រិតខ្ពស់ ដែលនាំមកនូវសិរីសួស្តី និងផលបុណ្យយ៉ាងច្រើនក្រៃលែង។

លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា នេះគឺជាលើកទី១២ហើយ នៃយុទ្ធនាការក្នុងមនុស្សធម៌ដ៏ប្រពៃ ដែលមន្ទីរពេទ្យកាល់ម៉ែត តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ន។ កម្មវិធីនេះ មិនមែនគ្រាន់តែជាកម្មវិធីបរិច្ចាគឈាមធម្មតានោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃសាមគ្គីភាព និងទឹកចិត្តមេត្តាធម៌របស់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមទាំងសប្បុរសជននានា ដែលជាក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកជំងឺ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ ការព្រួយបារម្ភ ទឹកចិត្តលះបង់ និងការស្វះស្វែងប្រើគ្រប់វិធីសាស្ត្រព្យាបាល ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថាមជ្ឈមណ្ឌលបានផ្គត់ផ្គង់ឈាមដល់មន្ទីរពេទ្យរដ្ឋ និងឯកជន មានកំណើនដល់ ជាង២១ម៉ឺនប្លោក (២១០.១៣៦ប្លោក) ក្នុងឆ្នាំ២០២៥ ដោយមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងអ្នកបរិច្ចាគឈាមជំនួសជាង១៨ម៉ឺនប្លោក (១៨៣.១៤១ប្លោក) មានការកើនឡើង ៩,៩៧%បើធៀបទៅនឹងឆ្នាំ២០២៤ ដែលប្រមូលឈាមបានប្រមាណ ១សែន៧ម៉ឺនប្លោក៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី