សម្តេចបវរធិបតី ៖ ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា ដែលបែកបាក់ដល់ទៅជាង ១ម៉ឺនបំណែក បញ្ចប់ការជួសជុលដោយជោគជ័យ
អត្ថបទ៖ ហ៊ន សុភ័ក្រ
------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការបញ្ចប់ការជួសជុលដោយជោគជ័យនៃប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ការអបអរសាទរនេះតាមរយៈសំណេរតាមបណ្តាញសង្គមផ្លូវការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី បានលើកឡើងថា "ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោននិងមានការបែកបាក់ដល់ទៅជាង ១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ចាប់កំណើតឡើងវិញក្រោយជួសជុលរួចរាល់"។
សម្តេចបវរធិបតីបញ្ជាក់ថា "ប្រតិមាព្រះឥសូរដ៏ធំមួយនេះ ត្រូវប្រើពេលជួសជុលអស់រយៈពេលជាង ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។ ប្រតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល"។
ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោននិងមានការបែកបាក់ដល់ទៅជាង ១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ចាប់កំណើតឡើងវិញក្រោយជួសជុលរួចរាល់
សូមជម្រាបថា បច្ចុប្បន្នប្រតិមានេះត្រូវបានតម្កល់នៅ អភិរក្សស្ថានអង្គរជាបណ្ដោះអាសន្នសិន។
បើតាមលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសង្ឃឹមថា រូបបដិមាដ៏ធំនេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមជំនឿទំនៀមទំលាប់ពីដូនតាខ្មែរ និងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើន៕