លោករដ្ឋមន្ត្រី ឌិត ទីណា ដាក់ចេញនូវទិសដៅអាទិភាពចំនួន៥ ដើម្បីបន្តជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវទិសដៅអាទិភាពចំនួន៥ ដើម្បីបន្តជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់ ។
ការដាក់ចេញទិសដៅអាទិភាពនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦។
លោករដ្ឋមន្ត្រី ឌិត ទីណា បានដាក់ចេញនូវទិសដៅអាទិភាពរួមមាន៖
១. ការបន្តយកចិត្តទុកដាក់លើការរក្សាស្ថិរភាពថ្លៃ៖ តាមដានជាប់ជាប្រចាំនូវនិន្នាការទីផ្សារ និងទប់ស្កាត់ការធ្លាក់ថ្លៃកសិផល ដើម្បីធានាផលប្រយោជន៍ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
២. ការពង្រីកសហគមន៍កសិកម្មទំនើប ដោយផ្សារភ្ជាប់កសិករទៅនឹងទីផ្សារ និងបន្តពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ។
៣. ការពង្រឹងការអនុវត្តច្បាប់៖ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រៃឈើ និងសត្វព្រៃ ឱ្យកាន់តែម៉ឺងម៉ាត់ ព្រមទាំងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើថ្មី។
៤. ការគ្រប់គ្រងដីរដ្ឋប្រកបដោយចីរភាព៖ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋ ដូចជាដីព្រៃឈើ ដីព្រៃលិចទឹក និងកន្លែងអភិរក្សជលផល។
៥. ការសម្របសម្រួលការនាំចេញ៖ ជំរុញការដឹកជញ្ជូនកសិផលឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសចិន ឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។
លោក ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធ និងជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ វិស័យកសិកម្មកម្ពុជា នឹងបន្តកសាងស្នាដៃថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕