ព័ត៌មានអន្តរជាតិ

អាម៉េរិក រិះគន់អឺរ៉ុបថាជាពួករមិលគុណ ប៉ុន្តែសរសើរបណ្ដាប្រទេសអារ៉ាប់ដែលតែងតែនៅជាមួយអាម៉េរិក

image

សហរដ្ឋអាម៉េរិក៖ ភាពតានតឹងរវាងអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុបកាន់តែអាក្រក់ទៅៗ ខណៈរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) បានប្រើពាក្យធ្ងន់ៗដោយរិះគន់អង្គការណាតូ (NATO) និងប្រទេសអឺរ៉ុបដទៃទៀត។ ក្នុងនោះ លោកបានចោទប្រកាន់ពួកគេថាជាអ្នកទទួលផលប្រយោជន៍ពីសន្តិសុខដែលអាម៉េរិកផ្តល់ឱ្យ ប៉ុន្តែបែរជាមិនចង់ចូលរួមចំណែកទាំងផ្នែកថវិកា ឬកម្លាំងយោធានោះឡើយ រហូតលោកប្រើពាក្យថាជាពួក «រមិលគុណ» ថែមទៀតផង ។

ពាក្យសំដីរិះគន់ធ្ងន់ៗខាងលើនេះ កើតឡើងស្របពេលរដ្ឋមន្ត្រីរូបនេះ បានបង្ហើបកាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងទំហំនៃការចំណាយយ៉ាងសន្ធឹកសន្ធាប់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបច្ចុប្បន្នឈានដល់ ២០០ ពាន់លានដុល្លារហើយ។ លោកបាននិយាយការពារជំហរនៃការចំណាយនេះថា ជាការចាំបាច់បំផុតដើម្បីកម្ចាត់ក្រុមសត្រូវ ហើយលោកក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្នើសុំថវិកាបន្ថែមពីសភាអាម៉េរិក ដើម្បីបន្តប្រតិបត្តិការយោធាឱ្យទទួលបានជោគជ័យ ។

ក្រៅពីរិះគន់អឺរ៉ុប លោក ហេកសេត (Hegseth) បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ដែលបានផ្ដល់ជំនួយ និងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយអាម៉េរិកតាំងពីដំបូងមក។ ប្រទេសទាំងនោះ រួមមាន អារ៉ាប៊ីសាអូឌីត, កាតា, អារ៉ាប់រួម, បារ៉ែន, គុយវ៉ែត (Kuwait), និងប្រទេសផ្សេងៗទៀត ដោយលោកបានលើកសរសើរប្រទាំងនោះ ថាជាមិត្តពិតប្រាកដដែលបានរួមសុខរួមទុក្ខជាមួយអាម៉េរិក ក្នុងគ្រាដែលសង្គ្រាមមជ្ឈិមបូព៌ាកំពុងឆាបឆេះ ។

សេចក្ដីថ្លែងការណ៍របស់លោក ហេកសេត (Hegseth) មិនត្រឹមតែបង្ហាញពីបន្ទុកសេដ្ឋកិច្ចដែលអាម៉េរិកកំពុងរងគ្រោះដោយសារតែសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីការប្រែប្រួលនៃទំនាក់ទំនងអន្តរជាតិផងដែរ។ អាម៉េរិកហាក់ដូចជាកំពុងផ្អែកលើសម្ព័ន្ធមិត្តអារ៉ាប់កាន់តែខ្លាំង ខណៈទំនុកចិត្តជាមួយសម្ព័ន្ធមិត្តអឺរ៉ុបកំពុងធ្លាក់ចុះ ដែលនេះអាចនឹងជះឥទ្ធិពលដល់តុល្យភាពអំណាចពិភពលោកនាពេលអនាគត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Win McNamee/Getty Images)/ (Sasan / Middle East Images / AFP via Getty Images)/ Freepik