ព័ត៌មានជាតិ

ឆេះទូកនេសាទ៨គ្រឿងរបស់គ្រួសារអ្នកនយោបាយថៃ ដោយខាតបង់ប្រហែល ២៨ម៉ឺនដុល្លារ ខណៈសមត្ថកិច្ចសង្ស័យថាជាករណីលួចដុត

image

ថៃឡង់ដ៍៖ គ្រោះអគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងនៅឯកំពង់ផែនេសាទក្នុងស្រុកខៈណម ខេត្តនគរស្រីធម្មរាជ ប្រទេសថៃ កាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី២០ ខែមីនា ដោយបានដុតបំផ្លាញទូកនេសាទខ្នាតធំចំនួន ៨ គ្រឿងអស់គ្មានសល់។ កម្លាំងពន្លត់អគ្គិភ័យត្រូវតស៊ូជាមួយអណ្ដាតភ្លើង និងខ្យល់បោកបក់ខ្លាំងអស់រយៈពេល ៤ ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ខណៈការខូចខាតសរុបត្រូវគេប៉ាន់ស្មានថាមានតម្លៃលើសពី ១០ លានបាត (ប្រហែល ២៨ម៉ឺនដុល្លារអាម៉េរិក) ។

មូលហេតុបឋម គេសង្ស័យថាបណ្ដាលមកពីការទុស្សេខ្សែភ្លើងនៅលើទូកមួយគ្រឿង រួចភ្លើងបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីខ្សែចងទូកដែលកំពុងឆេះនោះបានដាច់ ហើយអណ្ដែតទៅប៉ះទូកដទៃទៀតដែលឈប់សំចតនៅក្បែរនោះ។ ទោះជាយ៉ាងណាក្ដី សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀត រួមទាំងការសង្ស័យថាអាចជាករណីលួចដុតដោយចេតនា ដែលអាចពាក់ព័ន្ធនឹងការមិនពេញចិត្តចំពោះបញ្ហាតម្លៃប្រេង និងការខ្វះខាតប្រេង ។

គេស្គាល់ថា ទូកនេសាទដែលត្រូវភ្លើងឆេះទាំងប៉ុន្មានគ្រឿងនេះ គឺជារបស់គ្រួសារអតីតបេក្ខជនតំណាងរាស្ត្រម្នាក់ និងជាក្រុមទូកនេសាទដ៏ធំបំផុតមួយនៅក្នុងតំបន់។ បច្ចុប្បន្ន មន្ត្រីជំនាញផ្នែកកោសល្យវិច័យកំពុងចុះពិនិត្យកន្លែងកើតហេតុយ៉ាងល្អិតល្អន់ ដើម្បីរកឱ្យឃើញប្រភពដើមនៃអគ្គិភ័យ និងមូលហេតុពិតប្រាកដដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរបែបនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod English