សម្តេចបវរធិបតី ៖ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ស្ថាបនាសម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦ ខណៈដែលគម្រោងកសាងឲ្យរួចរាល់នៅក្នុងឆ្នាំនេះ
អត្ថបទ៖ ហ៊ន សុភ័ក្រ
------
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុបជាង៤៥ គីឡូម៉ែត្រ ដោយគម្រោងសាងសង់ កំពុងដំណើរការយ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងឱ្យបានលឿន នៅក្នុងឆ្នាំនេះ និងមុនការគ្រោងទុក ។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី បានបន្តថា "ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិនានាផងដែរ"។
សូមជម្រាបថា កំណាត់ផ្លូវជាតិ៧ ជាបណ្តាញផ្លូវជាតិដ៏សំខាន់តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី និងក៏ជាផ្នែកមួយ នៃផ្លូវអាស៊ានហាយ វ៉េ លេខ១១ ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់តំបន់ព្រំដែន នៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ៕