យុវជន២នាក់ម៉ូតូឌុបគ្នាជ្រុលទៅបុករថយន្ត ពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត ១គ្រឿង ពីក្រោយទាំងកំរោល បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅលើកំណាត់វីថីហាណូយ ជិតដល់វិថីវិមាន ឈ្នះឈ្នះ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1AG-1025 ជិះឌុបគ្នាក្នុងល្បឿនលឿន តាមបណ្តោយផ្លូវហាណូយ ពីត្បូងទៅជើង បានជ្រុលចង្កូតបុករថយន្ត១គ្រឿងមិនចាំម៉ាកទាំងកំរោលបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពពីក្រុមគ្រួសារសពបានឲ្យដឹងថា មុនកើតហេតុ យុវជនទាំង២បានជិះម៉ូតូចេញពីកាត់សក់ គោលបំណងទៅផ្ទះ។ ចំណែកអ្នកភូមិបានបន្ថែមថា តាមផ្លូវក៏ស្រាប់តែមានម៉ូតូ១គ្រឿងដេញតាមពីក្រោយ ដោយភ័យខ្លាចពេក ជនរងគ្រោះទាំង២បានជិះរត់គេចក្នុងល្បឿនលឿន រហូតជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរបួសតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកសពយុវជនម្នាក់ទៀត ត្រូវបានក្រុមគ្រួសារមកទទួល។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំក្រុមគ្រួសារមកទទួលនៅពេលក្រោយ៕
អត្ថបទ៖ រដ្ឋ រង្សី