ព័ត៌មានជាតិ

កម្ពុជា និងប្រេសុីល បានពិនិត្យលទ្ធភាព ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សហគ្រិនភាពស្ត្រី រវាងប្រទេសទាំងពីរ

image

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Susan Kleebank អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេសុីល នៅមជ្ឍមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី ក្នុងគោលបំណងរឹតចំណងមិត្តភាព និង ពិនិត្យលទ្ធភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសហគ្រិនភាពស្ត្រីនៃប្រទេសទាំងពីរ។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ បានចែករំលែកបទពិសោធ និងយុទ្ធសាស្ត្រ ក្នុងគោលដៅជំរុញការចូលរួមរបស់ស្ត្រី និងក្មេងស្រីឱ្យកាន់តែមានសក្តានុពល។ ជាពិសេស ការស្វែងរកឱកាសថ្មីៗ ក្នុងការគាំទ្រដល់ស្ត្រីជាសហគ្រិន តាមរយៈការតភ្ជាប់ បណ្តាញទំនាក់ទំនង និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច។

បន្ទាប់ពីកិច្ចពិភាក្សា លោកស្រីអនុរដ្ឋមន្ត្រី Susan Kleebank ក៏បានអញ្ជើញទស្សនា មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEE-DC) ដើម្បីស្វែងយល់កាន់តែច្បាស់ ពីសកម្មភាពជាក់ស្តែង និងសក្តានុពល កម្មវិធីរបស់មជ្ឈមណ្ឌល រួមទាំងផលិតផល និងសេវាកម្មរបស់សហគ្រិន តាមរយៈថ្នាលគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី, ទីតាំងបង្ហាញផលិតផលស្រ្តី នៅតាមបណ្តាខេត្ត ដែលជាសមាជិក របស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC Mart) និង WEE Market Hub និងការិយាល័យសមាគម សហគ្រិនស្ត្រីកម្ពុជា (CWEA)៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី