ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅស្រុកចន្ទ្រា ដោយបានឃាត់ខ្លួន ជនសង្ស័យ ៨នាក់

image

ស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅស្រុកចន្ទ្រា ដោយបានឃាត់ខ្លួនជនសង្ស័យ ៨នាក់(ស្រី១នាក់) ជាជនជាតិវៀតណាម ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ។

ប្រភពបានបន្តថា ក្រោយពីទទួលបានបទបញ្ជា និងព័ត៌មាននៃបទល្មើសមួយនេះភ្លាម លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និង លោកវរសេនីយ៍ទោ ជិន សុភឿន ដឹកនាំ កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានចុះប្រតិបត្តិការបង្ក្រាបនៅផ្ទះសំណាក់ វ៉ាំងភូ (HQ) ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រីម្នាក់) ជាជនជាតិវៀតណាម ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ១៧គ្រឿង, ម៉ាស៊ីន កុំព្យូទ័រ ០១គ្រឿង និងទូរស័ព្ទ ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ មិន ភក្តី