ព័ត៌មានជាតិ

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម៖ ការពង្រឹងយន្តការឌីជីថល ជាការធានាគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

image

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីឆន្ទៈមោះមុតក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានភាពស្អាតស្អំ និងទំនុកចិត្តខ្ពស់ ដើម្បីធានាថា ថវិកាជាតិដែលបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងធ្លាក់ដល់ដៃពលរដ្ឋគោលដៅដោយផ្ទាល់ និងប្រកបដោយប្រសិទ្ធភាពបំផុត។ ការណ៍នេះលោកបានចាត់ទុកបច្ចេកវិទ្យាឌីជីថលគឺជាឆ្អឹងខ្នងនៃតម្លាភាព។

លោក ចន ណារិទ្ធ បានលើកឡើងដូចនេះក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ លោកបានចាត់ទុកការដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP) បានក្លាយជាឧបករណ៍ដ៏មានអានុភាពក្នុងការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យឱ្យមានភាពសុក្រឹតបំផុត។ តាមរយៈថ្នាលឌីជីថលនេះ គណនេយ្យភាពត្រូវបានពង្រឹងដល់កម្រិតអតិបរមា ដែលធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរជាអន្តរជាតិ រហូតឈ្នះបានពានរង្វាន់មាសឌីជីថលអាស៊ានឆ្នាំ២០២៦ និងពានរង្វាន់ទទួលស្គាល់ជាសាកលសម្រាប់ឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនាដើមឆ្នាំដដែលនេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ក៏បានចាត់ទុ តម្លាភាព និងគណនេយ្យភាពគឺជាផ្នែកមិនអាចខ្វះបាននៃអភិបាលកិច្ចល្អ។ លោកថាទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យានេះ យន្តការច្បាប់ក៏ត្រូវបានរឹតបន្តឹងផងដែរ ដោយACU បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ “៣ មុខព្រួញ” រួមមាន ការអប់រំ ការបង្ការទប់ស្កាត់ និងការបង្ក្រាប ដើម្បីធានាថា បុគ្គល និងស្ថាប័នអនុវត្តការងារដោយមានការទទួលខុសត្រូវខ្ពស់ និងបើកចំហព័ត៌មានជាសាធារណៈ។ នេះគឺជាកាតព្វកិច្ចដ៏សំខាន់ដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋក្នុងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាជាតិគាំពារសង្គម គិតត្រឹមឆ្នាំ២០២៥ វិសាលភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជាបានកើនឡើងដល់ ៧,៩លាននាក់ ដែលជាលោតផ្លោះដ៏ធំ ធៀបនឹងតួលេខត្រឹមតែ ៣,៣លាននាក់កាលពីឆ្នាំ២០១៧។ ដើម្បីទ្រទ្រង់ដល់កំណើននេះ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយក្នុងនោះថវិកាប្រមាណ ២៥៧លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់ផ្នែកជំនួយសង្គម និងប្រមាណ ៤២៥ លានដុល្លារសម្រាប់ផ្នែករបបសន្តិសុខសង្គមក្នុងឆ្នាំ២០២៥។

លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចាត់ទុកកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នជំនាញ និងអង្គភាពត្រួតពិនិត្យ បានធ្វើឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជាក្លាយជាប្រព័ន្ធមួយដែលមានភាពរឹងមាំ និងមានទំនុកចិត្តពីសាធារណជន។ ការបន្តពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ តាមរយៈបាវចនា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាថា ពលរដ្ឋទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលមានភាពស្មើៗគ្នា៕