ក្រសួងកសិកម្ម បើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ ក្រោមវត្តមានលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាស្ថិរភាពថ្លៃ ការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលការវិនិយោគដ៏ធំ និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងគោលដៅបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានលើកកម្ពស់ជីវភាព និងទទួលបានផលចំណេញសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីការធ្វើកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ ដែលបានគិតគូរយ៉ាងល្អិតល្អន់ក្នុងការវិភាគមុខងារ សកម្មភាព និងបេសកកម្ម ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ និងបានបើកផ្លូវឱ្យមានការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម នៃក្រសួងកសិកម្ម ដើម្បីប្រមូលផ្តុំធនធានមនុស្សមានទេពកោសល្យ និងសមត្ថភាពស្រាវជ្រាវ-អភិវឌ្ឍន៍ (R&D) ឱ្យស្ថិតក្រោមដំបូលតែមួយ ជំរុញការងារពិសោធន៍និងស្រាវជ្រាវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អង្គពិធី ចូលរួមគិតគូរយកចិត្តទុកដាក់ផ្តល់នូវធាតុចូលល្អៗបន្ថែមទៀត ជាមួយនឹងបទពិសោធន៍ដែលទទួលបានពីឆ្នាំ២០២៥ ដើម្បីឱ្យឆ្នាំ២០២៦ ក្លាយជាឆ្នាំដែលប្រមូលផល និងឃើញលទ្ធផលជាក់ស្តែងពីកំណែទម្រង់នានា ស្របតាមទស្សនទាន "មានហូប មានប្រេី មានបាន និងមានរហូត"៕