ប្រធានACU៖ ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ច
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានលើកឡើងថា ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ច។ ជាកាតកិច្ចដោយសារ ប្រព័ន្ធគាំពារសង្គមអាចដំណើរការបានកាន់តែប្រសើរ លុះត្រាតែមានតម្លាភាព និងគណនេយ្យភាព។ លោកបានចាត់ទុក តម្លាភាព និងគណនេយ្យភាពនេះ ជាសសរស្តម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា តែមានអត្ថន័យដាច់ពីគ្នា។
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានលើកឡើងដូចនេះនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «មានគណនេយ្យភាព តែគ្មានតម្លាភាព គឺពិបាកនឹងរកភស្តុតាង ដើម្បីដាក់បន្ទុកលើអ្នកធ្វើខុស។ មានតម្លាភាព តែគ្មានគណនេយ្យភាព នោះគ្រាន់តែបានដឹងថា គេម្នាក់នោះ ឬច្រើនគ្នានោះ បានធ្វើខុស តែមិនអាចធ្វើអ្វីគេបាន។ ដូច្នេះ បើមានទាំងគណនេយ្យភាព និងតម្លាភាពព្រមគ្នា យន្តការនេះត្រូវបានមហាជន សាធារណជនមានទំនុកចិត្ត អាចទប់ស្កាត់អំពើពុករលួយ អាចកាត់បន្ថយឱកាសប្រើអំណាចខុសច្បាប់ ខុសគោលដៅ និងអាចបង្កើនប្រសិទ្ធភាពនៃការងារ»។
លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ការងារក្នុងប្រព័ន្ធគាំពារសង្គម ដែលក្នុងនោះមានថវិកា និងអត្ថប្រយោជន៍នានា ត្រូវទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត។ ក្នុងន័យនេះ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រព័ន្ធគាំពារសង្គម តាមស្មារតី។ ដូចនេះទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុនជាង២ដង បន្ទាប់ការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង ៧,៩លាននាក់ ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះរបបសន្តិសុខសង្គម បាននិងកំពុងគ្របដណ្តប់ពលរដ្ឋ សរុបប្រមាណ ៣,៩លាននាក់។ គិតត្រឹមដំណាច់ ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបប្រមាណ៤,៨៤លាននាក់ ឬស្មើនឹងប្រមាណ ២៨ភាគរយ នៃពលរដ្ឋសរុប ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិការដ្ឋចំនួនប្រមាណជាង ១.០២៧ប៊ីលានរៀល ឬស្មើនឹង ២៥៧លានដុល្លារ ដើម្បីអនុវត្តកម្មវិធីមួយចំនួនរួមមាន ១. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលក្រសោបនូវកម្មវិធីជាតិជំនួយសង្គមចំនួន៤ រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង)។ ២. កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ ៣. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ៤. កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានទៅក្រុងរុនតាឯក តេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប។ ៥. មូលនិធិសមធម៌សុខាភិបាល។ និង៦. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី។
លោក ចន ណារិទ្ធ បានបន្តទៀតថា សម្រាប់ជ្រុងនៃការអនុវត្តរបបសន្តិសុខសង្គម គិតត្រឹមឆ្នាំ២០២៥ បានគ្របដណ្តប់ពលរដ្ឋប្រមាណ ៣,៥លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិកាជាតិប្រ មាណ១.៧០០ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤២៥លានដុល្លារ បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន៣ ធំៗរួមមាន របបសន្តិសុខសង្គមផ្នែកប្រាក់សោធន, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ៕