ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

image

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកចំណុចទាំងនេះជាចំណុចស្នូល នៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ។

មានប្រសាសន៍ បែបនេះនាឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូល ជួបនិងប្រគល់សារតាំង នៅព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ស្លូវ៉ាគីប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោបានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិរបស់លោកជាឯកអគ្គរដ្ឋទូតថ្មីនេះនឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀតជាពិសេសនៅក្នុងឱកាសខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២នៅឆ្នាំក្រោយនេះ សម្ដេចតេជោសង្ឃឹមថា នឹងមានការរៀបចំអបអរសាទរដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតថ្មីស្លូវ៉ាគី បានជម្រាបជូនសម្ដេចតេជោថាបេសកកម្មរបស់លោកនៅពេលនេះ គឺមានភារកិច្ចក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់លើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគដែលជាចំណុចស្នូលដែលឯកឧត្តមចង់ពង្រីកក្នុងអាណត្តិរបស់លោក។

សម្ដេចតេជោបានសម្ដែងនូវការគាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកចំណុចទាំងនេះជាចំណុចស្នូលនៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ។ សម្ដេចតេជោបានកោតសរសើរចំពោះក្រសួងការបរទេសនៃប្រទេសទាំងពីរដែលរដ្ឋាភិបាលតែងតែជជែកគ្នាអំពីការគាំទ្រគ្នាក្នុងឆាកអន្តរជាតិ និងលើវេទិកាអន្តរជាតិរវាងកម្ពុជា និងស្លូវ៉ាគី៕

អត្ថបទ ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម ,ង៉ាន់ សំណាង