ព័ត៌មានជាតិ

ទីបំផុត ការទាមទាររបស់កម្មកររោងចក្រ ជេ ស្តារ ហ្គាម៉ិន ក្នុងស្រុកគងពិសី ត្រូវបានដោះស្រាយសះជា ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក

image

ភ្នំពេញ៖ ការទាមទាររបស់កម្មករកម្មការិនីនៃរោងចក្រ ជេ ស្តារ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខណៈកម្មករនិយោជិតនឹងចូលធ្វើការជាធម្មតាវិញនៅព្រឹកថ្ងៃទី១៩ ខែមីនា។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យ បានអះអាងថា «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយសះជា ហើយកម្មករនិយោជិតនឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ»។

លោក ស៊ុនមេសា បានឱ្យដឹងទៀតថា ក្រោយពីបានស្តាប់កង្វល់ និងការស្នើសុំរបស់កម្មករកម្មការិនី មន្ត្រីជំនាញនៃក្រសួងការងារបានពិនិត្យមើលការអនុវត្តច្បាប់របស់ភាគីនិយោជក ហើយបានសម្របសម្រួលឱ្យមានដំណោះស្រាយចំនួន ៥ចំណុច រួមមាន ក្រុមហ៊ុនមិនកាត់ប្រាក់ថ្លៃបាយរបស់កម្មករនិយោជិតដែលមកធ្វើការមិនទៀងទាត់ក្នុងសប្ដាហ៍នោះទេ, ករណីកម្មករនិយោជិតមកធ្វើការ និងធ្វើការបន្ថែមម៉ោង ក្រុមហ៊ុនបើកផ្ដល់ប្រាក់ថ្លៃបាយ តាមចំនួនថ្ងៃមកធ្វើការ និងធ្វើការបន្ថែមម៉ោងជាក់ស្ដែង, ក្រុមហ៊ុនឯកភាពឱ្យកម្មករនិយោជិត សម្រាកដើម្បីរៀបចំស្តុករបស់ក្រុមហ៊ុន ដោយនៅទទួលបានប្រាក់ឈ្នួលដដែល និងឯកភាពផ្តល់ប្រាក់បន្ថែមសម្រាប់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់សោហ៊ុយធ្វើដំណើរជាដើម។

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្ត្រីជំនាញចុះទៅសម្របសម្រួលដោះស្រាយករណីនេះ ដោយមានការចូលរួមពីតំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់កម្មករ។

ជាមួយគ្នានេះ ក្រសួងការងារ អំពាវនាវឱ្យនិយោជក និងកម្មករនិយោជិតទាំងអស់ទាក់ទងមកក្រសួងដើម្បីរកដំណោះស្រាយបានលឿនរហ័ស និងទាន់ពេលវេលា ចៀសវាងធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា៕