បារាំង និងអាល្លឺម៉ង់ ប្រកាសមិនចូលរួមពាក់ព័ន្ធក្នុងការប្រើប្រាស់កម្លាំងបាយ ដើម្បីបើកច្រកសមុទ្រហ័រមូសនោះឡើយ
បារាំង៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង បានបង្ហាញជំហរច្បាស់លាស់ថានឹងមិនប្រើប្រាស់កម្លាំងបាយដើម្បីជួយបើកច្រកសមុទ្រហ័រមូស តាមការចង់បានរបស់សហរដ្ឋអាម៉េរិកនោះឡើយ។ លោកសង្កត់ធ្ងន់ថា បារាំងមិនមែនជាភាគីជម្លោះក្នុងសង្គ្រាមនេះទេ ដូច្នេះបារាំងនឹងចូលរួមត្រឹមតែការការពារក្បួននាវាដឹកជញ្ជូនប៉ុណ្ណោះ លុះត្រាតែស្ថានការណ៍សង្គ្រាម និងការទម្លាក់គ្រាប់បែកត្រូវបានបញ្ចប់ជាមុនសិន ។
ការបដិសេធរបស់បារាំង គឺជាបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់លោក ដូណាល់ ត្រាំ ដែលកំពុងព្យាយាមកៀងគរសម្ព័ន្ធមិត្តបង្កើតកងទ័ពជើងទឹកចម្រុះ ដើម្បីបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញដោយប្រើកម្លាំងយោធា។ ច្រកសមុទ្រហ័រមូស ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែល ដែលទង្វើនេះបានធ្វើឱ្យពិភពលោកទាំងមូលរងគ្រោះដោយសារតែតម្លៃប្រេងហក់ឡើងថ្លៃខ្លាំង ។
មិនត្រឹមតែបារាំងប៉ុណ្ណោះទេ សូម្បីតែមេដឹកនាំថ្មីរបស់អាល្លឺម៉ង់ លោក ហ្វ្រីដ្រិច មឺស (Friedrich Merz) ក៏បានប្រកាសមិនចូលរួមក្នុងប្រតិបត្តិការយោធានេះដែរ។ លោកបញ្ជាក់យ៉ាងច្បាស់ថា ជម្លោះរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ មិនមែនជាកាតព្វកិច្ចរបស់អង្គការណាតូ (NATO) ឡើយ។ ជំហររបស់មហាអំណាចអឺរ៉ុបទាំងពីរនេះ បង្ហាញពីការមិនចង់ឱ្យសង្គ្រាមរីករាលដាលកាន់តែធំ និងចង់ទុកច្រកសម្រាប់ដំណោះស្រាយការទូត ។
ស្ថានភាពបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងភាពតានតឹងបំផុត បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមកបានអូសបន្លាយតាំងពីចុងខែកុម្ភៈ។ ខណៈអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រចំពោះតែសត្រូវប៉ុណ្ណោះ ដោយការបន្តបិទផ្លូវទឹកដែលផ្ទុកប្រេង ២០% នៃតម្រូវការពិភពលោកនេះ កំពុងក្លាយជាអាវុធសេដ្ឋកិច្ចដ៏មានឥទ្ធិពល ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ bfmtv, marineinsight & telanganatoday on Microsoft Bing