ព័ត៌មានអន្តរជាតិ

មនុស្ស២នាក់ស្លាប់ និងច្រើននាក់រងរបួស ក្រោយមីស៊ីលអ៊ីរ៉ង់បាញ់ស្រោចលើទីក្រុងរ៉ាម៉ាតហ្កាន ប្រទេសអ៊ីស្រាអ៊ែល

image

អ៊ីស្រាអ៊ែល៖ បំណែកមីស៊ីលរបស់អ៊ីរ៉ង់ បានធ្លាក់ចំទីតាំងជាច្រើនក្នុងទីក្រុង រ៉ាម៉ាតហ្កាន (Ramat Gan) ដែលស្ថិតនៅភាគកណ្តាលប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធនេះ បន្ទាប់ពីមានការបាញ់ស្រោចមីស៊ីលយ៉ាងខ្លាំងចេញពីប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ។

បំណែកមីស៊ីលទាំងនោះ បានធ្លាក់ចំអគារស្នាក់នៅ និងចំណតរថយន្ត ដោយបង្កជាអគ្គិភ័យយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យក្រុមសង្គ្រោះត្រូវប្រឈមមុខនឹងភាពលំបាកក្នុងការជួយសង្គ្រោះជនរងគ្រោះ ជាពិសេសមនុស្សចាស់ដែលមិនអាចរត់ទៅរកទីជម្រកសុវត្ថិភាពទាន់ពេលវេលា ។

ជម្លោះដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈនេះ មិនត្រឹមតែជាការវាយបកគ្នារវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរីករាលដាលដល់ការប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡាហ៍ នៅតាមព្រំដែនប្រទេសលីបង់ថែមទៀតផង។ ការវាយប្រហារទៅវិញទៅមកឥតឈប់ឈរនេះ កំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលឱ្យធ្លាក់ចូលក្នុងសង្គ្រាមទ្រង់ទ្រាយធំ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលក្នុងកម្រិតខ្ពស់បំផុត ។

ផលវិបាកនៃសង្គ្រាមនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចសកល ជាពិសេសតាមរយៈការកើនឡើងនៃតម្លៃប្រេងសាំង និងការបិទច្រកសមុទ្រហ័រមូស។ ស្ថានភាពរអាក់រអួលនៃផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោកនេះ កំពុងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់គ្រប់ប្រទេសទាំងអស់ ខណៈភាពតានតឹងយោធានៅតែបន្តកើនឡើងដោយគ្មានសញ្ញានៃការថយចុះឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.