ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឱ្យចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីឱ្យបរិស្ថានស្អាត

image

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានធ្វើការអំពាវនាវដល់សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីជួយឱ្យសោភ័ណភាពមានភាពល្អប្រសើរ បរិស្ថានស្អាត មានកំណើនភ្ញៀវទេចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តច្រើន។ ការអំពាវនាវដូច្នេះធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តសំពៅផុស ហៅវត្តតាំងបំពង់ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនក្នុងស្រុកនេះ អាជ្ញាធរ សហគមន៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានគប្បីធ្វើការរៀបចំអនាម័យ និងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាននៅទូទាំងស្រុកឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាឱ្យសោភ័ណភាពនៃស្រុកនេះ និងទីរមណីយដ្ឋានមើលឃើញមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ជាទីគយគន់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយ។ 

លើសពីនេះ មន្ទីរបរិស្ថានខេត្តត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ រៀបចំឱ្យមានទីកន្លែងទុកដាក់សំរាមបានត្រឹមត្រូវ ដាំកូនឈើ ដើមផ្កានៅអមសងខាងផ្លូវ ពិសេសផ្លូវចូលទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពនិងភាពស្រស់បំព្រង៕

អត្ថបទ៖ ប៊ុត សារុន