ក្រសួងបរិស្ថាន បានចាត់វិធានការឱ្យអាជីវកម្មគ្រឿងអលង្ការ បញ្ឈប់ការចម្រាញ់មាសនៅលើទីវាល ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ
ភំពេញ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន នាពេលថ្មីៗកន្លងមកនេះ ទាក់ទងនឹងការចម្រាញ់មាស (ដេញទឹកមាស) នៅទីវាល ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កោះហៅម្ចាស់អាជីវកម្ម គ្រឿងអលង្ការទិញលក់មាស យីហោ នាគមាស សៀង ហ៊ល កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ ការដុតចម្រាញ់មាសនៅលើទីវាលតទៅទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះមន្រ្តីជំនាញបានធ្វើការណែនាំ អំពីការដុតចម្រាញ់មាសនៅទីចំហ ទោះនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន គឺជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។ តំណាងម្ចាស់ក្រុមហ៊ុន បានធ្វើកិច្ចសន្យា និងទទួលយកវិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងការប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមជាង ដែលអនុវត្តការងារនេះផ្ទាល់ផងដែរ។
ដើម្បីបង្ការផលប៉ះពាល់សុខភាពសាធារណៈ និងបរិស្ថាន ក្រសួងបរិស្ថានបន្តអំពាវនាវឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការ ទាំងអស់បញ្ឈប់ការដុតចម្រាញ់មាសលើទីវាលតទៅទៀត និងសំណូមពរឱ្យសាធារណជន ចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការបំពុលខ្យល់សាធារណៈ កុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មណា ឱ្យបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ នៅក្នុងឡចំហាយ ឡកំដៅ ឬឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបញ្ឈប់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារណៈ ដែលជាហេតុបង្កឱ្យមានការកើនឡើងភាគល្អិតនិចល ការបំពុលខ្យល់សាធារណៈ៕