ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសហុងគ្រី ជំរុញឱ្យសហភាពអឺរ៉ុប បើកផ្លូវឱ្យប្រេងរុស្ស៊ី បើមិនចង់ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

image

ហុងគ្រី៖ ស្ថិតនៅក្នុងទីក្រុងព្រុចសែល ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីផ្សេងទៀតកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភែតធ័រ ហ្សីចាតូ (Peter Szijjarto) បានព្រមានសហភាពអឺរ៉ុប (EU) ឱ្យធ្វើការសម្រេចចិត្តឡើងវិញជាបន្ទាន់ ជុំវិញការដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ី បើមិនដូច្នោះ អឺរ៉ុបអាចនឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត។ ការថ្លែងបែបនេះ ធ្វើឡើងចំពេលដែលពិភពលោកកំពុងជួបវិបត្តិថាមពលដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ ។

លោកលើកឡើងថា រឿងដែលល្អបំផុត គឺការដកទណ្ឌកម្មលើការដឹកជញ្ជូនប្រេង ដោយលោកពន្យល់ថា ប្រសិនបើមើលពីជ្រុងនៃអឺរ៉ុប ប្រភពប្រេងធំៗចំនួនពីរ គឺស្ថិតនៅតំបន់អារ៉ាប់ និងរុស្ស៊ី សុទ្ធតែត្រូវបានរារាំងមិនឱ្យចូលមកកាន់ទឹកដីអឺរ៉ុប។ នេះមានន័យថា អឺរ៉ុបនឹងត្រូវខាតបង់យ៉ាងសន្ធឹកសន្ធាប់ និងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។

កាលពីសប្តាហ៍មុន សហរដ្ឋអាម៉េរិក និយាយថា ខ្លួនកំពុងដកកំហិតជាបណ្តោះអាសន្ន លើប្រទេសផ្សេងៗក្នុងការទិញប្រេងពីរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិថាមពលសកលដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់។

ទន្ទឹមនឹងនោះ បេសកជនពិសេសរបស់រុស្ស៊ី លោក ឃីរីល ឌីមីទ្រីវ (Kirill Dmitriev) និយាយថា អាម៉េរិកកំពុងទទួលស្គាល់ការពិតថា បើគ្មានប្រេងរុស្ស៊ីទេ ទីផ្សារថាមពលពិភពលោកមិនអាចមានស្ថិរភាពបានឡើយ ។

ដោយឡែក ប្រទេសហុងគ្រី បានប្រកាសរួចហើយថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងបម្រាមរបស់អឺរ៉ុបលើការនាំចូលឧស្ម័ន និងប្រេងពីរុស្ស៊ីតាមបំពង់បង្ហូរប្រេង។ ហុងគ្រី ក៏បានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី ថាបាននិយាយកុហកអំពីស្ថានភាពបំពង់បង្ហូរប្រេងឌ្រូស្បា (Druzhba) បន្ទាប់ពីរដ្ឋធានីគីវ បានកាត់ផ្តាច់ការផ្គត់ផ្គង់ ដោយអះអាងថាមានការវាយប្រហារពីរុស្ស៊ី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Zee News/ EU Today on Microsoft Bing