គណៈប្រតិភូធុរកិច្ចកសិកម្មឈានមុខគេរបស់អូស្ត្រាលីចំនួន ២៦ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគ និងដៃគូពាណិជ្ជកម្មនៅកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចកសិកម្មឈានមុខគេរបស់អូស្ត្រាលីចំនួន ២៦ក្រុមហ៊ុន ដឹកនាំដោយលោកស្រី Tennealle O'Shannessy អ្នកធុរកិច្ចឆ្នើមអូស្ត្រាលីប្រចាំនៅកម្ពុជា ដោយមានការគាំទ្រពីស្ថានទូត អូស្ត្រាលីប្រចាំកម្ពុជា និងគណៈកម្មការពាណិជ្ជកម្ម និងវិនិយោគអូស្ត្រាលី (Austrade) បានមកកាន់រាជធានីភ្នំពេញ ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូពាណិជ្ជកម្មលើវិស័យកសិកម្ម និងអាហារ។
បេសកកម្មនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅកម្ពុជា និងវៀតណាម ក្រោមកម្មវិធីផ្លាស់ប្តូរធុរកិច្ចអូស្ត្រាលី-អាស៊ីអាគ្នេយ៍ (A-SEABX) ហើយត្រូវបានចាត់ទុកថា ជាគណៈប្រតិភូធុរកិច្ចកសិកម្មអូស្ត្រាលីដ៏ធំបំផុតមួយ ដែលបានមកទស្សនកិច្ចនៅកម្ពុជា បង្ហាញពីការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិនអូស្ត្រាលីចំពោះទីផ្សារកម្ពុជា។
បេសកកម្មនេះបានចាប់ផ្តើមនៅរាជធានីភ្នំពេញ ជាមួយនឹងការចុះទៅទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុនលក់រាយ និងធុរកិច្ចកសិកម្មឈានមុខ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីការវិវត្តនៃទិដ្ឋភាពកសិកម្ម និងអាហារនៅកម្ពុជា។ ទស្សនកិច្ចសិក្សាទាំងនេះ បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និន្នាការអ្នកប្រើប្រាស់ និងឱកាសទីផ្សារថ្មីៗដែលកំពុងកើតមាន។ បន្ថែមទៅលើទស្សនកិច្ចសិក្សានេះ កម្មវិធីផ្សារ ភ្ជាប់វិស័យកសិកម្ម និងអាហារ អូស្ត្រាលី-កម្ពុជា បានប្រមូលផ្តុំថ្នាក់ដឹកនាំធុរកិច្ច សមាគមឧស្សាហកម្ម អ្នកជំនាញ កសិកម្ម និងដៃគូសក្តានុពលនានា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគី ព្រមទាំងស្វែងរកភាពជាដៃគូ ពាណិជ្ជកម្មថ្មីៗផងដែរ។
គណៈប្រតិភូនេះត្រូវបានបែងចែកជាពីរផ្នែកដែលបំពេញឱ្យគ្នាទៅវិញទៅមក។ ផ្នែកអាហារ និងភេសជ្ជៈ រួមមាន ក្រុមហ៊ុននាំចេញសាច់លំដាប់ខ្ពស់ គ្រឿងសមុទ្រ ផលិតផលទឹកដោះគោ កសិផល ស្រាទំពាំងបាយជូរ ភេសជ្ជៈ និងអាហារវេចខ្ចប់។ ចំណែកឯផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់អាហារ បានប្រមូលផ្តុំទៅដោយធុរកិច្ចកសិកម្មអូស្ត្រាលី ដែលផ្គត់ផ្គង់នូវធាតុចូល បច្ចេកវិទ្យា ចំណេះដឹងបច្ចេកទេស និងនវានុវត្តន៍បច្ចេកវិទ្យាកសិកម្ម ដើម្បីបង្កើនផលិ តភាព និរន្តរភាព មានប្រភពដើមច្បាស់លាស់ និងការបង្កើនតម្លៃបន្ថែមនៅទូទាំងខ្សែច្រវាក់តម្លៃកសិកម្ម និងអា ហារ។
សេដ្ឋកិច្ចដ៏រស់រវើក និងការពង្រីកវិសាលភាពពាណិជ្ជកម្មរបស់កម្ពុជា បានបង្កើតឱ្យមានកាលានុវត្តភាពយ៉ាង សម្បូរបែបសម្រាប់ភាពជាដៃគូជាមួយអូស្ត្រាលី។ ខណៈដែលអ្នកប្រើប្រាស់នៅទីប្រជុំជនកាន់តែបង្កើនការស្វែង រកផលិតផលអាហារ និងភេសជ្ជៈដែលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងអាចដឹងពីប្រភពច្បាស់លាស់
អូស្ត្រាលីត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបទៅនឹងតម្រូវការនេះ ជាមួយនឹងផលិតផលលំដាប់ខ្ពស់។ ក្រៅពីវិស័ យលក់រាយ អូស្ត្រាលីមានលទ្ធភាពខ្ពស់ក្នុងការគាំទ្រដល់ផលិតកម្មកសិកម្ម និងអាហារក្នុងស្រុករបស់កម្ពុជា រួម ទាំងតាមរយៈការផ្តល់នូវគ្រឿងផ្សំគុណភាពខ្ពស់ បច្ចេកវិទ្យាកសិកម្មប្រកបដោយនវានុវត្តន៍ និងដំណោះស្រាយ ខ្សែច្រវាក់ផ្គត់ផ្គង់អាហារ។ កិច្ចសហការនេះ នឹងជួយពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុកឱ្យកាន់តែរឹងមាំ ព្រមទាំង បង្កើតបរិយាកាសដ៏ប្រសើរសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា បេសកកម្មនេះ បានរំលេចឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង អាហារ រវាងអូស្ត្រាលី និងកម្ពុជា។
លោកបានបញ្ជាក់ថា៖ «សេដ្ឋកិច្ចដ៏មានថាមពលរបស់កម្ពុជា និងការរីកចម្រើននៃវិស័យលក់រាយទំនើប កំពុងបង្កើតឱ្យមានតម្រូវការខ្ពស់សម្រាប់ផលិតផលអាហារ និងភេសជ្ជៈដែល មានគុណភាពខ្ពស់ មានសុវត្ថិភាព និងអាចដឹងពីប្រភពច្បាស់លាស់។ អូស្ត្រាលីមានលទ្ធភាពខ្ពស់ក្នុងការធ្វើជាដៃ គូជាមួយកម្ពុជា តាមរយៈការផ្គត់ផ្គង់កសិផលគុណភាពខ្ពស់ និងការចែករំលែកនូវបទពិសោធន៍ជំនាញ បច្ចេក វិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រដល់វិស័យកសិកម្ម និងអាហារទំនើបប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនានា ដូចជាបេសកកម្មផ្សារភ្ជាប់វិស័យកសិកម្ម និងអាហារនេះ នឹងជួយតភ្ជាប់ធុរកិច្ចអូស្ត្រាលីជាមួយដៃគូកម្ពុជា ដែល ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរចំណេះដឹងរវាងប្រទេសទាំងពីរ»។
លោកស្រី Tennealle O'Shannessy អ្នកធុរកិច្ចឆ្នើមអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាផ្តល់ នូវកាលានុវត្តភាពដ៏រឹងមាំសម្រាប់ធុរកិច្ចអូស្ត្រាលី ដែលមានបំណងចង់ពង្រីកវត្តមានពាណិជ្ជកម្ម និងការវិនិយោគ របស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកស្រីបានបញ្ជាក់ថា៖ «កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស កម្លាំងពលកម្មវ័យក្មេង និងការកែលម្អបរិយាកាស ធុរកិច្ចរបស់កម្ពុជា បានធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅកាន់តែទាក់ទាញ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោ គរបស់អូស្ត្រាលី។ ក្រុមហ៊ុនអូស្ត្រាលីបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈបណ្តាវិស័ យនានា រួមទាំងវិស័យកសិកម្មផងដែរ។ តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាបេសកកម្មផ្សារភ្ជាប់វិស័យកសិកម្ម និងអាហារនេះ យើងកំពុងជួយឱ្យធុរកិច្ចអូស្ត្រាលីស្វែងយល់កាន់តែច្បាស់អំពីទីផ្សារកម្ពុជា និងកសាងភាពជាដៃ គូដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង សម្រាប់ប្រទេសទាំងពីរ»។
ថ្លែងក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្រ្តាលី នូវទំនាក់ទំនងល្អ និងយូរអង្វែង ប្រកបដោយភាពរឹងមាំ ហើយកម្មវិធីនាពេលនេះគឺជាការពង្រឹងនូវភាពជាដៃគូបន្ថែមទៀត ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជូនដល់វិនិយោគិនអូស្រ្តាលី ក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានប្រព័ន្ធការងារជាក់លាក់ មានខ្សែច្រវាក់ផលិតកម្ម មានធនធានមនុស្សសម្រាប់ផលិតកម្មទំហំធំ និងមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
លោករដ្ឋមន្រ្តី ស្វាគមន៍ដល់រាល់វិនិយោគិនទាំងអស់ ដែលមានបំណងក្នុងការវិនិយោគលើការតភ្ជាប់ខ្សែច្រវាក់តម្លៃទាំងមូល ពោលគឺចាប់ពីការផលិត កែច្នៃវេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាមានកសិផលសក្តានុពលជាច្រើនប្រភេទ ដែលមានគុណភាពល្អប្រណិត និងមានតម្លៃបន្ថែមខ្ពស់។
ស្ថានទូតអូស្ត្រាលី រៀបចំ "វេទិកាកសិកម្ម និងអាហារ អូស្ត្រាលី-កម្ពុជា ឆ្នាំ២០២៦ ៖ ការធ្វើធុរកិច្ចនៅកម្ពុជា និងឱកាសវិនិយោគ” ដោយប្រមូលផ្តុំអ្នកជំនាញ តំណាងធុរកិច្ច និងរដ្ឋាភិបាល ដើម្បី ពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ និងភាពជាដៃគូ នៅទូទាំងខ្សែច្រវាក់តម្លៃកសិកម្ម និងអាហារ។ វេទិកានេះ នឹងផ្តល់នូវការយល់ដឹងជាក់ស្តែងអំពីបទប្បញ្ញត្តិ និងទិដ្ឋភាពទីផ្សាររបស់កម្ពុជា គំរូវិនិយោគថ្មីៗ និងកិច្ចសហការ យុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ បន្ទាប់មក បេសកកម្មផ្សារភ្ជាប់វិស័យកសិកម្ម និងអាហារអូស្ត្រាលី នឹងបន្តទៅកាន់ប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ ដើម្បីបន្តជំរុញភាពជាដៃគូពាណិជ្ជកម្ម និងពង្រឹងការប្តេជ្ញាចិត្តយូរអង្វែងរបស់អូស្ត្រាលី ចំពោះវិបុលភាពរួម និង សន្តិសុខស្បៀងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕