ព័ត៌មានជាតិ

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ប្រកាសតែងតាំងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជា អភិបាលកិត្តិយស

image

ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បានប្រកាសឱ្យដឹងថា លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានទទួលយកតួនាទីជាអភិបាលកិត្តិយសនៃមហោស្រព ភាពយន្ត។ ការតែងតាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុង ការលើកកម្ពស់វិស័យវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ក្នុងនាមជា អភិបាលកិត្តិយស លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដើរតួជា អ្នកលើកស្ទួយសិល្បៈឈានមុខមួយរូបដើម្បីជំរុញការរីកចម្រើននៃឧស្សាហកម្មភាពយន្តដ៏រឹងមាំ និងប្រកបដោយចីរភាពនៅកម្ពុជាដោយលើកកម្ពស់វិស័យសិល្បៈថាជាផ្នែកមួយ ដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងនិងអត្តសញ្ញាណជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។


លោក Cedric Eloy នាយកមហោស្រពភាពយន្តពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តរបស់លោកជំទាវ ថា៖ «ក្នុងនាមជាអភិបាលកិត្តិយសនៃមហោស្រពភាពយន្តភាពយន្តអន្តរជាតិកម្ពុជា លោកជំទាវ ម៉ៅ​ ចំណាន គឺជាតំណាងឱ្យស្មារតីដ៏អមតៈនៃមរតកខ្មែរ​ដោយបានដឹកនាំអ្នកបង្កើតថ្មីដោយភាពថ្លៃថ្នូរ និងចក្ខុវិស័យ ដើម្បីបណ្តុះការច្នៃប្រឌិតបង្កើន​សាមគ្គីភាព​ក្នុង​ចំណោមសិល្បករ និងធ្វើឱ្យពិភពលោកភ្លឺស្វាងតាមរយៈថាមពលនៃការផ្លាស់ប្តូរនៃវិស័យភាពយន្ត។ ការគាំទ្ររបស់លោកជំទាវអ្នកឧកញ៉ា មិនត្រឹមតែជួយឱ្យកេរ្តិ៍ឈ្មោះភាពយន្តកម្ពុជា មានសភាពរស់រវើកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសម្លឹងមើលលើសារៈសំខាន់ នៃការវិនិយោគលើសិល្បៈ និងវប្បធម៌ ដើម្បីលើកស្ទួយរាជធានីភ្នំពេញ ជាមណ្ឌលវប្បធម៌មួយនៅអាស៊ីអាគ្នេយ៍ដែលអាចទាក់ទាញសិល្បករផ្សេងៗ អ្នកនិទានរឿងនានា ទស្សនិជនពីក្នុងតំបន់ និងការផ្លាស់ប្តូរវប្បធម៌ជុំវិញសកលលោក»។

ថ្នាក់ដឹកនាំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬហៅកាត់ថា CIFF ចាត់ទុកការតែងតាំងនេះ ថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់អ្នកផលិតភាពយន្តកម្ពុជា លើកកម្ពស់ទេពកោសល្យច្នៃប្រឌិតក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិតឱ្យកាន់តែទូលំទូលាយ។ មហោស្រពភាពយន្តនេះ មានគោលបំណងធ្វើជាស្ពានចម្លងរវាងវិស័យឯកជន និងវិស័យសាធារណៈ ដោយជំរុញហេដ្ឋារចនាសម្ព័ន្ធសហការដែលចាំបាច់សម្រាប់ឧស្សាហកម្មភាពយន្តជាតិឱ្យរីកចម្រើន។

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា «កម្ពុជា គឺជាទឹកដីដែលសម្បូរទៅដោយសិល្បៈ និងវប្បធម៌ដ៏រស់រវើក។ ពន្លឺដ៏ត្រចះ ត្រចង់នៃមរតកវប្បធម៌ខ្មែរនឹងក្លាយជាប្រភពបំផុសគំនិតដល់ស្នាដ របស់ អ្នកផលិតភាពយន្តគ្រប់រូបដើម្បីឱ្យក្លាយជាការច្នៃប្រឌិតផ្នែករូបភាពដ៏គួរឱ្យទាក់ទាញ បំផុតមួយនៅក្នុងទីផ្សារអន្តរជាតិ។ កម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិល្បករ និងអ្នកផលិតភាពយន្តអន្តរជាតិទាំងអស់មកកាន់ប្រទេសរបស់យើង ដែលជាស្ទូឌីយោ វប្បធម៌ដ៏ចំណាស់ និងធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងនាមជាប្រធានកិត្តិយស នាងខ្ញុំ មានមោទនភាពក្នុងការគាំទ្រ រួមចំណែក និងលើកទឹកចិត្តតាមគ្រប់មធ្យោបាយ ចំពោះវត្តមាន និងការផលិតភាពយន្តរបស់អស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា»។


សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF)ត្រូវបានបង្កើតឡើងក្នុងគោលបំណង អបអរសាទរសិល្បៈភាពយន្ត និងមានគោលដៅកំណត់ទីតាំងកម្ពុជាជាគោលដៅ ឈានមុខគេសម្រាប់វប្បធម៌ភាពយន្តនៅអាស៊ីអាគ្នេយ៍។ CIFF បម្រើជាវេទិកាសម្រាប់អ្នកផលិតភាពយន្តក្នុងស្រុក និងអន្តរជាតិ ក្នុងការទំនាក់ទំនង សហការ និងបង្ហាញស្នាដៃរបស់ពួកគេ ដែលជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ សុក្រឹតភាពនៃសិល្បៈនិងកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា៕