លោករដ្ឋមន្ត្រី ហែម វណ្ណឌី អះអាងថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូប ក្នុង ១ថ្ងៃ
ភ្នំពេញ៖ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានថ្លែងថា វិស័យទឹកស្អាតមិនមែនមានតួនាទីត្រឹមតែជាមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាសុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏មានសក្តានុពល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ផលិតភាព ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងការគាំទ្រដល់ដំណើរការឧស្សាហូបនីយកម្ម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ការថ្លែងឲ្យដឹងបែបនេះរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងអគ្គនាយកថ្មីនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានបីទស្សវត្សរ៍កន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រែក្លាយជាសហគ្រាសសាធារណៈដ៏ជោគជ័យមួយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពបច្ចេកទេសខ្ពស់។
លោករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញចែកចាយទឹកស្អាតប្រវែងសរុប ៥៦៤៦គីឡូម៉ែត្រ និងផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនចំនួនជាង ៥៣ម៉ឺនតំណ នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។ រីឯ គុណភាពទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តរក្សាភាពអនុលោមតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក ទន្ទឹមនឹងនោះ អត្រាប្រមូលប្រាក់ថ្លៃសេវាទឹកស្អាតសម្រេចបាន ៩៩,៩% ដែលបង្ហាញពីប្រសិទ្ធភាពប្រតិបត្តិការខ្ពស់។
លោករដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់អគ្គនាយកថ្មី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្តពង្រឹងកេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ខ្លួន ក្នុងនាមជា «រៀមច្បង» ក្នុងវិស័យនេះ មានមរតកសមិទ្ធផល និងសមត្ថភាព ដើម្បីជួយរែកពន់ការអភិវឌ្ឍវិស័យទឹកស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តម្លាភាព និងគោរពវិន័យ ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ ចេង ឆហួត