រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើទស្សនកិច្ចនៅទីភ្នាក់ងារអវកាសជប៉ុន និងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន ដោយជំរុញឲ្យក្រុមហ៊ុនជប៉ុន បោះទីតាំងក្នុងសួនឌីជីលនៅកម្ពុជា
តូក្យូ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើទស្សនកិច្ចការងារ នៅទីភ្នាក់ងាររុករកអវកាសជប៉ុន (Japan Aerospace Exploration Agency) ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និងការប្រើប្រាស់អវកាស ជាពិសេសផ្កាយរណប ដែលជាផ្នែកមួយកំពុងជឿនលឿននៃបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថល។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេល លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមប្រទេសជាមិត្ត (Friends Group) នៃ “ដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត” (Hiroshima AI Process) នាថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានទទួលជំនួបពិភាក្សាការងារជាមួយនឹងក្រុមហ៊ុនជប៉ុនចំនួន៣ គឺក្រុមហ៊ុន Nippon Koei ក្រុមហ៊ុន Magna Wireless និងក្រុមហ៊ុន NextMake។ ក្រុមហ៊ុន Nippon Koei ជាក្រុមហ៊ុនសិក្សារៀបចំផែនការមេ (Master Plan) នៃគម្រោងសួនឌីជីថល (Digital Park) ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រុមហ៊ុននេះ មានប្រវត្តិទំនាក់ទំនងយូរអង្វែងជាមួយកម្ពុជា ដោយបានទទួលគ្រឿងឥស្សរិយយសពីព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៥៨ ក្នុងការចូលរួមអភិវឌ្ឍផ្លូវទឹក និងផ្លូវដែកនៅកម្ពុជា។
រីឯក្រុមហ៊ុន Magna Wireless ជាក្រុមហ៊ុនផលិតគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ រួមមានឧបករណ៍ប្រើបច្ចេកវិទ្យាទូរគមនាគមន៍ចល័តជំនាន់ទី៥ (5G) ដែលមានឡេតថិនស៊ីទាប (low-latency) សឺមីកុងឌុចទ័រ និងបន្ទះឈីប។ កិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុន Magna Wireless មកដាក់ទីតាំងក្នុងសួនឌីជីថលនៅកម្ពុជា។ ចំពោះជំនួបជាមួយក្រុមហ៊ុន NextMake គឺដើម្បីពិភាក្សាការងារលើការរៀបចំបញ្ជូននិស្សិតជំនាញឌីជីថល ជំនាន់ទី១ ដែលចេះភាសាជប៉ុន មកធ្វើការងារនៅប្រទេសជប៉ុនក្រោមកម្មវិធី IT Pathway ដែលគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងវិស័យឌីជីថលរវាងកម្ពុជា និងជប៉ុន ដែលមានការរីកចម្រើនជាលំដាប់ តាមរយៈការស្វែងយល់អំពីការអភិវឌ្ឍនិងប្រើប្រាស់អវកាស ការវិនិយោគក្នុងវិស័យឌីជីថល ទូរគមនាគមន៍ ធនធានមនុស្សឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕