លេចលឺដំណឹងថា លោកត្រាំ អាចនឹងពន្យារដំណើរទស្សនកិច្ចទៅចិន ខណៈមន្ត្រីអាម៉េរិកថា នេះមិនមែនជាការដាក់សម្ពាធចិន រឿងច្រកសមុទ្រហ័រមូសនោះឡើយ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដោយសារតែសង្គ្រាមជាមួយអ៊ីរ៉ង់ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការពន្យារពេលនេះមិនមែនធ្វើឡើងដើម្បីដាក់សម្ពាធលើទីក្រុងប៉េកាំង ជុំវិញរឿងច្រកសមុទ្រហ័រមូស នោះឡើយ ។
លោក Bessent ពន្យល់ថា បើមានការផ្លាស់ប្តូរពេលវេលា មូលហេតុចម្បងគឺដោយសារតែបញ្ហាបច្ចេកទេស និងការរៀបចំ។ លោកថា ប្រធានាធិបតីចង់ស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីដឹកនាំបញ្ជាសង្គ្រាម ហើយការធ្វើដំណើរទៅក្រៅប្រទេសក្នុងស្ថានភាពបែបនេះ គឺមិនមែនជាជម្រើសដ៏សមស្របទេ ។
ទោះជាយ៉ាងណាក្ដី ការផ្អាកទស្សនកិច្ចកម្រិតខ្ពស់ខាងលើ អាចនឹងធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីរដែលកំពុងតានតឹងស្រាប់ កាន់តែមានភាពស្មុគស្មាញ ជាពិសេសលើបញ្ហាពន្ធគយ និងពាណិជ្ជកម្ម ។
ទោះបីជាភាគីទាំងពីរ បានព្រមព្រៀងគ្នាបណ្តោះអាសន្នលើបញ្ហាពាណិជ្ជកម្មកន្លងមកក៏ដោយ ប៉ុន្តែសង្គ្រាមនៅអ៊ីរ៉ង់បានក្លាយជាកត្តាថ្មីមួយដែលបង្ខំឱ្យអាម៉េរិក និងចិនត្រូវចរចាគ្នាលើបញ្ហាសន្តិសុខសកល ខណៈលទ្ធផលនៃកិច្ចពិភាក្សានាពេលប៉ុន្មានថ្ងៃខាងមុខ អាចនឹងកំណត់ថា តើពិភពលោកអាចចៀសផុតពីវិបត្តិថាមពលយូរអង្វែង និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបានដែរឬទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP | រូបភាព៖ Jose Luis Magana via AP/ Evelyn Hockstein via REUTERS/ Kiichiro Sato via AP