ព័ត៌មានជាតិ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យសាធារណជនកុំជឿពាក្យចចាមអារ៉ាមដែលថា មានធនាគារមួយចំនួនត្រូវបិទទ្វារ និងកុំសម្រុកដកប្រាក់ពីធនាគារ ខណៈប្រព័ន្ធធនាគារនៅកម្ពុជា នៅតែរឹងមាំ

image

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូ ដើម្បីបញ្ជាក់អំពីស្ថានភាពប្រព័ន្ធធនាគារនៅកម្ពុជា និងលុបបំបាត់ពាក្យចចាមអារ៉ាមដែលថា មានធនាគារមួយចំនួនត្រូវបិទទ្វារ ខណៈពាក្យចចាមអារ៉ាមនេះ បានបង្កឲ្យមានការព្រួយបារម្ភ និងការសម្រុកដកប្រាក់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា តាមរយៈវីដេអូដែលមានរយៈពេលប្រមាណជាង ៥នាទី ផ្សព្វផ្សាយនៅលើបណ្តាញសង្គម នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនសម្រុកទៅដកប្រាក់ពី APD Bank ដោយសារពាក្យចចាមអារ៉ាមថា មានធនាគារមួយចំនួននៅកម្ពុជាបិទទ្វារ។

ក្នុងសេចក្តីថ្លែងការណ៍នោះ លោកស្រីបានពន្យល់ថា ប្រតិបត្តិការរបស់ធនាគារនៅទូទាំងពិភពលោក មានតួនាទីសំខាន់ក្នុងការធ្វើអន្តរការីកម្មហិរញ្ញវត្ថុ គឺទទួលប្រាក់បញ្ញើពីអ្នកដែលមានប្រាក់លើសតម្រូវការ ហើយបង្វិលប្រាក់ទាំងនោះទៅផ្តល់ឥណទានដល់អ្នកដែលត្រូវការប្រើប្រាស់ ដើម្បីវិនិយោគ ឬពង្រីកសកម្មភាពសេដ្ឋកិច្ច ដូចជា ទិញផ្ទះ សាងសង់សណ្ឋាគារ រោងចក្រ ឬពង្រីកអាជីវកម្ម ជាដើម។ ដំណើរការនេះជួយឱ្យចរន្តសេដ្ឋកិច្ចដំណើរការបានល្អ ដោយធ្វើឱ្យប្រាក់ដែលមិនទាន់ប្រើប្រាស់ ត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យសេដ្ឋកិច្ចផ្សេង ៗ។

លោកស្រីបន្តថា ជាទូទៅ ធនាគារនឹងរក្សាទុកសាច់ប្រាក់តែមួយផ្នែកតូចប៉ុណ្ណោះ ដើម្បីបំពេញតម្រូវការដកប្រាក់ប្រចាំថ្ងៃរបស់អតិថិជន ខណៈប្រាក់បញ្ញើមួយចំនួនត្រូវបានដាក់ជាប្រាក់បញ្ញើមានកាលកំណត់ ដូចជា ៣ខែ ៦ខែ ៩ខែ ១ឆ្នាំ ឬលើសនេះ។ ក្នុងពេលជាមួយគ្នា ធនាគារប្រើប្រាស់ប្រាក់ទាំងនេះ ដើម្បីផ្តល់ឥណទានទៅអតិថិជនផ្សេងៗ ដែលជាទូទៅមានរយៈពេលវែង ដូចជា ៥ឆ្នាំ ឬសម្រាប់ការទិញផ្ទះអាចមានរយៈពេលរហូតដល់ ២០ឆ្នាំ។

តាមការពន្យល់របស់លោកស្រីទេសាភិបាល បានគូសបញ្ជាក់ទៀតថា ធនាគារតែងតែគ្រប់គ្រងរយៈពេលរវាងប្រាក់បញ្ញើ និងឥណទានមានភាពសមស្រប ដើម្បីធានាថាមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការអតិថិជនក្នុងរយៈពេលវែង។ ប៉ុន្តែ ប្រសិនបើអតិថិជនសម្រុកមកដកប្រាក់ទាំងអស់គ្នាក្នុងពេលតែមួយ នោះអាចបង្កបញ្ហាសន្ទនភាព ដល់ធនាគារ ដោយសារប្រាក់ភាគច្រើនត្រូវបានផ្តល់ជាឥណទានទៅអតិថិជនរួចហើយ និងមិនអាចបង្វិលត្រឡប់មកវិញភ្លាមៗបាន។

លោកស្រីសង្កត់ធ្ងន់ថា ស្ថានភាពបែបនេះ មិនមានន័យថា ធនាគារមិនមានប្រាក់សងអតិថិជនឡើយ ប៉ុន្តែជាបញ្ហាការបង្វិលប្រាក់មិនទាន់ពេលវេលា ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើអ្នកដាក់ប្រាក់បញ្ញើទាំងអស់សម្រេចចិត្តដកប្រាក់ក្នុងពេលតែមួយ វាជារឿងធម្មតាដែលធនាគារមិនអាចមានសាច់ប្រាក់គ្រប់គ្រាន់ភ្លាមៗសម្រាប់បំពេញតម្រូវការនោះបាន។

ទន្ទឹមនឹងនេះ លោកស្រីទេសាភិបាល បានបញ្ជាក់ថា ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែមានភាពរឹងមាំ និងធនាគារភាគច្រើននៅតែបន្តប្រតិបត្តិការធម្មតា។ លោកស្រី ក៏បានអំពាវនាវឲ្យសាធារណជនរក្សាការជឿជាក់ និងកុំសម្រុកដកសាច់ប្រាក់ពីធនាគារ ដើម្បីទុកពេលវេលាឲ្យ ធនាគារជាតិនៃកម្ពុជា បន្តធ្វើការជាមួយគ្រឹះស្ថានដែលពាក់ព័ន្ធ និងស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រាក់បញ្ញើរបស់អតិថិជនដែលកំពុងជួបបញ្ហា៕