តារាចម្រៀងឥណ្ឌូនេស៊ី ចេញអាល់ប៊ុមជាលើកដំបូង ដែលត្រូវបានថត និងផលិតនៅកម្ពុជា មានគុណភាពស្មើស្តង់ដារអន្តរជាតិ
ភ្នំពេញ៖ តារាចម្រៀង Jazz ជនជាតិឥណ្ឌូនេស៊ី អ្នកនាង អ៊ីនតាន់ អេនទ្រីអាណា (Intan Andriana) ដែលមានប្រជាប្រិយភាពខ្លាំងម្នាក់ នៅកម្ពុជាដែរនោះ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានប្រកាសចេញនូវអាល់ប៊ុមចម្រៀង Jazz ជាលើកដំបូងរបស់ខ្លួន មានចម្រៀងចំនួន១២បទ ដែលត្រូវបានថត និងផលិតនៅក្នុងប្រទេសកម្ពុជា ហើយមានគុណភាពស្មើស្តង់ដារអន្តរជាតិ។
អ្នកនាង អ៊ីនតាន់ បានចាត់ទុកការចេញអាល់ប៊ុមជាលើកដំបូង នៅក្នុងប្រទេសកម្ពុជានេះ គឺជាភាពជោគជ័យរបស់ខ្លួន ហើយបានបង្ហាញថា មនុស្សមកពីប្រទេសនានា អាចមករស់នៅកម្ពុជា ហើយបង្កើតភាពជោគជ័យ និងចូលរួមអភិវឌ្ឍប្រទេសបាន។ វាបង្ហាញថា កម្ពុជា ជាកន្លែងដែលមនុស្សស្មោះត្រង់ អាចអភិវឌ្ឍទេពកោសល្យ ទទួលបានជោគជ័យ និងបំពេញក្តីសុបិនរបស់ខ្លួន។
ក្នុងចំណោម១២បទ នៃអាល់ប៊ុមនេះ មានបទចម្រៀងល្បីចំណងជើងថា “បឹងហ្គាវ៉ាន់សូឡូ" (Bengawan Solo) ដែលមានប្រជាប្រិយភាពខ្លាំងទាំងនៅកម្ពុជា និងឥណ្ឌូណេស៊ី។ បទនេះ ត្រូវបានច្រៀងជាគូរដោយ អ៊ីនតាន់ អេនទ្រីអាណា និងតារាចម្រៀងខ្មែរ នៅខេត្តសៀមរាប ឈ្មោះ សុគន្ធា ដែលជានិមិត្តរូប នៃការតភ្ជាប់ជ្រាលជ្រៅ និងវិជ្ជមានរវាងប្រទេសទាំងពីរ និងបង្ហាញពីការសហការ រវាងអ្នកមានទេពកោសល្យ ពីប្រទេសទាំងពីរ។
អាល់ប៊ុមនេះ ត្រូវបានបង្កើតដោយមនុស្សមកពីជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក, គុយបា, បារាំង, អូស្ត្រាលី, ហុងកុង, រុស្ស៊ី, កម្ពុជា, ជប៉ុន និងស្លូវ៉ាគី ដែលនេះបង្ហាញថា កម្ពុជា ជាប្រទេសដែលស្វាគមន៍ ជនបរទេស ហើយជាកន្លែងដែលពួកគេអាចទទួលបានជោគជ័យ និងបំពេញក្តីសុបិនរបស់ខ្លួន។
សូមជម្រាបថា អ្នកនាង អ៊ីនតាន់ អេនទ្រីអាណា មានប្រវត្តិពីគ្រួសារសាមញ្ញ នៅទីក្រុងហ្សាការតា របស់ឥណ្ឌូនេស៊ី។ នាងមកពីគ្រួសារដែលស្រឡាញ់តន្ត្រី ហើយនាងបានរៀនច្រៀងពីម្ដាយរបស់នាង។ នៅវ័យ១៧ឆ្នាំ នាងបានចាប់ផ្តើមច្រៀងជាអាជីព ដោយចូលរួមជាមួយក្រុមតន្ត្រីតាមផ្លូវ។ តន្ត្រីរបស់ពួកគេមានភាពទាក់ទាញខ្លាំង ក្រោយមក ការខិតខំរបស់នាង បាននាំឲ្យនាងអាចសម្តែងនៅសណ្ឋាគារនានា នៅទីក្រុងហ្សាការតា។
បន្ទាប់ពីនាងបានផ្លាស់មករស់នៅប្រទេសកម្ពុជា អាជីពរបស់នាងចាប់ផ្តើមរីកចម្រើនបន្តិចម្ដងៗ។ ប្រជាជនកម្ពុជា បានផ្តល់ឱកាសជាច្រើនដល់នាង ដោយធ្លាប់ច្រៀងថ្វាយព្រះមហាក្សត្រកម្ពុជា ព្រឹត្តិការណ៍ SEA Games ពិធីបុណ្យនានា នៅតាមសណ្ឋាគារផ្កាយ៥ និងកម្មវិធីជាច្រើនផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។
តារាចម្រៀងឥណ្ឌូនេស៊ីរូបនេះ បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត និងជាប្រទេសដែលបានធ្វើឲ្យសុបិន្តរបស់នាង ដែលចង់ផលិតអាល់ប៊ុមចម្រៀង ក្លាយជាការពិត៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី