ស្លូវ៉ាគី ចោទអ៊ុយក្រែនថាកំពុងប្រើប្រាស់បញ្ហាថាមពល ធ្វើជាឧបករណ៍ដើម្បីសងសឹកប្រទេសជិតខាង
ស្លូវ៉ាគី៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានរិះគន់ធ្ងន់ៗទៅលើប្រធានាធិបតីអ៊ុយក្រែន ដោយចោទថាអ៊ុយក្រែនកំពុងប្រើប្រាស់បញ្ហាថាមពលមកធ្វើជាឧបករណ៍ដាក់ទោសប្រទេសជិតខាង។ លោកយល់ថា ការផ្ដាច់លំហូរប្រេងនេះ គឺជាការសងសឹករបស់អ៊ុយក្រែន ចំពោះស្លូវ៉ាគី និងហុងគ្រី ដែលមិនព្រមគាំទ្រការធ្វើសង្គ្រាមបន្ត ហើយចង់ឱ្យមានការចរចាសន្តិភាពជាមួយរុស្ស៊ី ។
ជាការឆ្លើយតបទៅនឹងការកាត់ផ្ដាច់ប្រេងនេះ ស្លូវ៉ាគី បានសម្រេចចិត្តប្រើវិធានការក្ដៅ ដោយផ្អាកការបញ្ជូនអគ្គិសនីក្នុងករណីអាសន្នទៅឱ្យអ៊ុយក្រែនវិញ។ មេដឹកនាំស្លូវ៉ាគី បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងមិនស្ថិតក្រោមសម្ពាធ ឬធ្វើជាអ្នកបម្រើឱ្យផលប្រយោជន៍របស់អ៊ុយក្រែន ដោយខាតបង់ផលប្រយោជន៍ជាតិខ្លួនឯងនោះឡើយ ។
ទន្ទឹមនឹងនេះ ហុងគ្រីបានដើរតួយ៉ាងសំខាន់ក្នុងការដាក់សម្ពាធលើសហភាពអឺរ៉ុប តាមរយៈការរារាំងកញ្ចប់លុយកម្ចីជិត ១០០ ពាន់លានដុល្លារ សម្រាប់ជួយដល់អ៊ុយក្រែន។ ហុងគ្រីបានដាក់លក្ខខណ្ឌថា លុះត្រាតែបំពង់បង្ហូរប្រេងឌ្រូស្បា (Druzhba) ដំណើរការឡើងវិញ ទើបខ្លួនព្រមបើកផ្លូវឱ្យមានការផ្ដល់ជំនួយហិរញ្ញវត្ថុ និងកញ្ចប់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងរុស្ស៊ី ។
ជម្លោះនេះ បានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាកាន់តែខ្លាំងនៅក្នុងតំបន់អឺរ៉ុបកណ្ដាល ជុំវិញបញ្ហាសន្តិសុខថាមពល និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ខណៈអ៊ុយក្រែនអះអាងថា បំពង់ប្រេងខាងលើនោះខូច ក៏ដោយសារតែការបាញ់បោះរបស់រុស្ស៊ី តែប្រទេសជិតខាងយល់ថាវាជាល្បិចនយោបាយ ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជាប់ព្រំដែនទាំងនេះកាន់តែមានភាពតានតឹង និងពិបាករកច្រកចេញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Rappler on Microsoft Bing/ (Andrewy Rudakov | Bloomberg | Getty Images)/ vecteezy