ព័ត៌មានជាតិ

តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់ ដោយសារអាកាសធាតុមិនអំណោយផល អាចប៉ះពាល់ដល់ទិន្នផលឆ្នាំនេះ

image

ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា អះអាងថា តម្លៃគ្រាប់ស្វាយចន្ទីឆៅបានហក់ឡើងពីប្រមាណ ៥ ២០០រៀល ក្នុងមួយគីឡូក្រាម ទៅជាង ៧ពាន់រៀល ក្នុងមួយគីឡូក្រាម បើប្រៀបធៀបនឹងរដូវប្រមូលផលឆ្នាំមុន។ កត្តាសំខាន់ដែលជំរុញឱ្យតម្លៃកើនឡើង គឺលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដែលធ្វើឱ្យការប្រមូលផលមានភាពយឺតយ៉ាវ និងអាចប៉ះពាល់ដល់ទិន្នផល ប្រសិនបើដំណាំរងការខូចខាត។

ការវិវត្តនៃទីផ្សារនាពេលថ្មីៗនេះ បង្ហាញថា តម្លៃគ្រាប់ស្វាយចន្ទីឆៅដែលទើបនឹងប្រមូលផលថ្មីៗ ទាំងនៅកម្ពុជា និងវៀតណាម បានបន្តហក់ឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបង្កឱ្យមានការព្រួយបារម្ភ និងការរំពឹងទុកផ្សេងៗក្នុងចំណោមផលិតករ អ្នកកែច្នៃ និងអាជីវករនៅក្នុងតំបន់។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ CNC ថា ខណៈតម្លៃគ្រាប់ស្វាយចន្ទីឆៅកំពុងហក់ឡើងខ្ពស់ក្នុងអំឡុងពេលនេះ ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីក្នុងតំបន់ កំពុងត្រៀមរៀបចំការពិភាក្សាអំពីអនាគតឧស្សាហកម្មនេះ តាមរយៈសន្និសីទអន្តរជាតិមួយ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា សន្និសីទនេះ នឹងមានការចូលរួមពីអ្នកជំនាញ និងតំណាងមកពីគ្រប់ខ្សែច្រវ៉ាក់តម្លៃនៃវិស័យស្វាយចន្ទី រួមមានតំណាងពីសមាគមស្វាយចន្ទីកម្ពុជា (CAC) រោងចក្រកែច្នៃស្វាយចន្ទីវៀតណាម និងក្រុមហ៊ុនកែច្នៃស្វាយចន្ទីពីប្រទេសចិន។ ការជួបជុំនេះ នឹងផ្តោតលើការវិភាគចលនាតម្លៃថ្មីៗ ស្ថានភាពផ្គត់ផ្គង់ និងនិន្នាការទីផ្សារដែលកំពុងលេចឡើង។

លោក អួន ស៊ីឡុត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងស្ថានភាពទីផ្សារដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស តំណាងឧស្សាហកម្មកំពុងរៀបចំសន្និសីទថ្នាក់តំបន់មួយ ក្នុងគោលបំណងជួយឱ្យភាគីពាក់ព័ន្ធយល់កាន់តែច្បាស់អំពីស្ថានភាពផលិតកម្មបច្ចុប្បន្ន និងសក្ដានុពលពាណិជ្ជកម្ម ដែលកំពុងជះឥទ្ធិពលដល់វិស័យស្វាយចន្ទីនៅអាស៊ីអាគ្នេយ៍។

យោងតាមលោក អួន ស៊ីឡុត កត្តាសំខាន់ពីរដែលអាចជំរុញឱ្យតម្លៃឡើងខ្ពស់នៅពេលនេះ រួមមាន៖ ទី១. លក្ខខណ្ឌអាកាសធាតុមិនអំណោយផលនៅកម្ពុជា ដែលអាចធ្វើឱ្យការប្រមូលផលយឺត និងប៉ះពាល់ដល់ទិន្នផល, ទី២. ការផ្លាស់ប្តូរគោលនយោបាយនៅប្រទេសមួយចំនួនក្នុងអាហ្វ្រិកខាងលិច ដែលកំពុងពិចារណា ឬអនុវត្តវិធានការរឹតត្បិតលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ដើម្បីជំរុញឧស្សាហកម្មកែច្នៃក្នុងស្រុក។

លោកបានសង្កត់ធ្ងន់ថា វិធានការបែបនេះ អាចធ្វើឱ្យការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅនៅលើទីផ្សារពិភពលោកកាន់តែតឹងតែង ខណៈអាហ្វ្រិកខាងលិចនៅតែជាតំបន់ផលិតដ៏ធំបំផុតមួយរបស់ពិភពលោក។

លោក អួន ស៊ីឡុត បន្ថែមថា ប្រសិនបើវិបត្តិអាកាសធាតុនៅតែបន្តរំខានដល់ខ្សែច្រវាក់ផលិតកម្ម នោះទិន្នផលស្វាយចន្ទីកម្ពុជាក្នុងឆ្នាំ២០២៦ អាចនឹងប្រឈមនឹងការធ្លាក់ចុះ។ បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុបានបណ្តាលឱ្យមានភ្លៀងកក់ខែ ដែលធ្វើឱ្យដំណាំស្វាយ ចន្ទីមួយចំនួនរងការខូចខាត ខណៈការប្រមូលផលទើបចាប់ផ្តើមបានតិចតួចប៉ុណ្ណោះ។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៥ កម្ពុជា រកចំណូលបានប្រមាណ ១,៥ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១លានតោន កើនឡើង ២៧% បើធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ម៉ឺនហិកតា។

សម្រាប់រដូវប្រមូលផលឆ្នាំ២០២៦ ការប្រមូលផលត្រូវបានរំពឹងថា នឹងពន្យារពេលដល់ខែមេសា ដោយសារអាកាសធាតុធ្វើឱ្យផ្លែចន្ទីទុំយឺតជាងការរំពឹងទុក។ ទិន្នផលសរុបត្រូវបានព្យាករថា អាចសម្រេចបានចន្លោះពី ៨០ម៉ឺនតោន ទៅ ១លានតោន។

គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសផលិតស្វាយចន្ទីដ៏សំខាន់របស់ពិភពលោក ហើយចលនាតម្លៃនៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ តែងតែជះឥទ្ធិពលដល់លំហូរពាណិជ្ជកម្មសកលសម្រាប់ទំនិញប្រភេទនេះផងដែរ៕

អត្ថបទ៖ ចេង ឆហួត