ព័ត៌មានអន្តរជាតិ

កម្ពុជាបណ្តេញជនជាតិចិនជាង ៨០០នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

image

ភ្នំពេញ៖ រយៈពេលពីរថ្ងៃបន្តបន្ទាប់សមត្ថកិច្ចកម្ពុជា បានធ្វើការបណ្តេញជនជាតិចិន ចំនួន ៨៣៥នាក់ បន្តែមទៀត ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។ ពួកគេត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសកងកេង (ខេត្តព្រះសីហនុ) នៅថ្ងៃទី១៤ និងនៅយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

យោងតាមការបញ្ចាក់ពី អគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣៣៥នាក់ (ស្រី៤នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។

នៅយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៥០០នាក់ (ស្រី១៣នាក់) បន្ថែមទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន និងការប្រឆាំងបទល្មើសបច្ចេកវិទ្យាស្របតាមស្តង់ដារអន្តរជាតិ ដើម្បីពង្រឹងការបង្ក្រាបបទល្មើស Online Scam ដែលកំពុងកើនឡើង និងមានលក្ខណៈស្មុគស្មាញ។ ច្បាប់ប្រឆាំងនេះ បានបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ រួមមាន បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បទប្រមូលឯកសារសម្គាល់អត្តសញ្ញាណ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃក្នុងចេតនាទុច្ចរិត និងការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕