អាស៊ាន ត្រៀមលក្ខណៈចំពោះបញ្ហាប្រឈមសកល និងជំរុញការដោះស្រាយជម្លោះតាមផ្លូវការទូត
អាស៊ាន៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន RT របស់រុស្ស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ថា អាស៊ានមិនត្រឹមតែមើលឃើញពីបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាយាមប្រែក្លាយបញ្ហាទាំងនោះឱ្យទៅជាឱកាស។ លោកបានលើកឡើងថា «ការខ្វែងគំនិតគ្នា មិនគួរដោះស្រាយតាមរយៈការប្រើកម្លាំងបាយនោះទេ ខណៈការទូត និងការចរចា គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយជម្លោះ» ។
ទាក់ទងនឹងបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច លោកបណ្ឌិតបានរៀបរាប់ពីវឌ្ឍនភាពសំខាន់ៗដូចជា ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិន អូស្ត្រាលី និងនូវែលហ្សេឡង់ដ៍ ព្រមទាំងការជំរុញកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល (DEFA) ដែលរំពឹងថានឹងបញ្ចប់នៅខែមិថុនា ឆ្នាំនេះ ។
ទន្ទឹមគ្នានោះដែរ បញ្ហាមីយ៉ាន់ម៉ា អាស៊ាននៅតែប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងប្រាំចំណុច (5-Point Consensus) ហើយបន្តជំរុញឱ្យមានបទឈប់បាញ់ និងការសន្ទនាផ្នែកនយោបាយដែលដឹកនាំផ្ទាល់ដោយភាគីជម្លោះក្នុងស្រុក ។
ក្រៅពីបញ្ហានេះ អាស៊ាន និងចិន កំពុងខិតខំបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ឱ្យបានឆាប់បំផុតនៅចុងឆ្នាំនេះ។ ដោយឡែក ជុំវិញស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា លោកបានបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់លើសេដ្ឋកិច្ច និងថាមពលសកល ដោយជំរុញឱ្យមានការដោះស្រាយតាមច្បាប់អន្តរជាតិ និងការចរចាដោយសន្តិវិធី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's video.