ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតកំពង់ផែអន្តរជាតិចំនួន ២បន្ថែមទៀត នៅកំពង់ឆ្នាំង និងកំពត សមត្ថភាពផ្ទុកទំនិញដល់ ៥លានតោនក្នុងមួយឆ្នាំ

image

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតកំពង់ផែអន្តរជាតិចំនួនពីរ នៅខេត្តកំពង់ឆ្នាំង និងខេត្តកំពត ដែលមានសមត្ថភាពផ្ទុកទំនិញសរុបរហូតដល់ ៥លានតោនក្នុងមួយឆ្នាំ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញទាំងក្នុងស្រុក និងអន្តរជាតិ។

យោងតាមអនុក្រឹត្យស្តីពីការបង្កើត កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង ដែលត្រូវបានចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចបង្កើតកំពង់ផែនេះ មានទីតាំងស្ថិតនៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើសេវាដល់នាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រ និងទំនិញចាក់ធារ។

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង មានដែនទឹក និងដីគោក។ ឋបនីយភណ្ឌផែទំនិញនេះ មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

ដែនទឹកនៃកំពង់ផែនេះមាន២ផ្នែក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ផ្នែកទី១ មានទំហំជាង ៩ម៉ឺនម៉ែត្រការ៉េ ស្ថិតតាមច្រាំងទន្លេ ដែលជ្រុងសងខាងនីមួយៗមានប្រវែង ១០០ម៉ែត្រ រួមទាំងដីចំណីទន្លេ និងមានប្រវែងជាង ៩២៩ម៉ែត្រ ស្របតាមបណ្តោយទន្លេ។ ចំណែកផ្នែកទី២ មានទំហំជាង ១៣ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅជាប់កោះឫស្សី ដែលជ្រុងសងខាងនីមួយៗមានប្រវែង ១២០ម៉ែត្រ និងមានប្រវែង ១ ១០០ម៉ែត្រ ស្របតាមបណ្តោយកោះឫស្សី។

ចំណែកដីគោកនៃកំពង់ផែនេះ ក៏មាន២ផ្នែកដែរ។ ផ្នែកទី១ ជាកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ទ័រថេសិន ឯ.ក មានទំហំជាង ២២ម៉ឺនម៉ែត្រការ៉េ។ ផ្នែកទី២ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតលើដីកោះឫស្សី ក្នុងទន្លេសាប មានទំហំជិត ១៤ម៉ឺនម៉ែត្រការ៉េ។

នៅថ្ងៃដដែលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចេញអនុក្រឹត្យមួយផ្សេងទៀត ស្តីពីការបង្កើត កំពង់ផែកំពត ឡូជីស្ទិក ដែលមានទីតាំងស្ថិតនៅភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ កំពង់ផែនេះ ត្រូវបានបង្កើតឡើងដើម្បីបម្រើសេវាដល់នាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រ និងទំនិញចាក់ធារ។

កំពង់ផែកំពត ឡូជីស្ទិក មានដែនទឹក និងដីគោក ហើយមានឋបនីយភណ្ឌផែទំនិញដែលអាចផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់ប្រមាណ ៣លានតោនក្នុងមួយឆ្នាំ។

ដែនទឹកនៃកំពង់ផែកំពត ឡូជីស្ទិក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានទំហំជាង ៣,៦៧លានម៉ែត្រការ៉េ។ ចំណែកដីគោក ជាកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន កំពត ឡូជីស្ទិក អេន អេន ផត ឯ.ក មានទំហំជាង ៦,៦២លានម៉ែត្រការ៉េ។

ការបង្កើតកំពង់ផែអន្តរជាតិថ្មីនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពត ត្រូវបានរំពឹងថា នឹងជួយពង្រីកសមត្ថភាពឡូជីស្ទិករបស់កម្ពុជា កាត់បន្ថយថ្លៃដឹកជញ្ជូន និងជំរុញការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ។

បច្ចុប្បន្ន កម្ពុជា មានកំពង់ផែអន្តរជាតិសំខាន់ៗចំនួន២ ដែលកំពុងដំណើរការ រួមមាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់បំផុតសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកំពង់ផែស្វយ័តភ្នំពេញ ដែលជាកំពង់ផែទន្លេ ស្ថិតនៅចំណុចប្រសព្វរវាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ កំពង់ផែទាំងពីរនេះ មានតួនាទីសំខាន់ក្នុងការនាំចូល និងនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

ក្រៅពីនេះ កម្ពុជា ក៏មានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេជាច្រើនទៀត សម្រាប់បម្រើដល់ការដឹកជញ្ជូនក្នុងស្រុក។ តាមទិន្នន័យផ្លូវការ កម្ពុជាមានកំពង់ផែសរុបប្រមាណ ១០៣កំពង់ផែ ក្នុងនោះមាន ២៦កំពង់ផែសមុទ្រ និង៧៧កំពង់ផែទន្លេ ដែលជួយសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងពាណិជ្ជកម្មជាមួយប្រទេសជិតខាង៕