មីស៊ីលអ៊ីរ៉ង់ វាយប្រហារចំកណ្តាលទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអ៊ែល បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស
អ៊ីស្រាអ៊ែល៖ កណ្តាលទីក្រុងតែលអាវីវ (Tel Aviv) កាលពីថ្ងៃទី១៥ ខែមីនា បានទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងក្លាដោយមីស៊ីលដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស, ខូចខាតអគារ និងផ្លូវថ្នល់យ៉ាងដំណំ។ វីដេអូនៅកន្លែងកើតហេតុ បានបង្ហាញពីកម្ទេចឥដ្ឋការ៉ូ និងកញ្ចក់អគារនៅរាយប៉ាយពាសពេញផ្លូវ ហើយថែមទាំងមានរណ្តៅដ៏ធំដែលបង្កឡើងដោយគ្រាប់មីស៊ីលទៀតផង ។
ក្នុងពេលជាមួយគ្នានោះ អំបែងមីស៊ីលបានធ្លាក់ចំតំបន់លំនៅឋាន បណ្តាលឱ្យឆេះរថយន្ត និងម៉ូតូជាច្រើនគ្រឿង។ សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា «ក្នុងពេលកំពុងមានសំឡេងស៊ីរ៉ែនប្រកាសអាសន្ន យើងក៏ឮសំឡេងផ្ទុះយ៉ាងខ្លាំង។ បំណែកឡានបានខ្ទាតពេញកន្លែងនេះ ហើយភ្លើងក៏ចាប់ផ្តើមឆេះសន្ធោសន្ធៅ»។ សាក្សីបន្តថា នៅពេលអំបែងមីស៊ីលធ្លាក់ដល់ដី ក៏បណ្ដាលឱ្យជម្រកសុវត្ថិភាពក៏ដាច់ចរន្តអគ្គិសនី ដែលធ្វើឱ្យមនុស្សជាច្រើនជាប់គាំងនៅក្នុងនោះ ។
បើតាមមន្ត្រីអ៊ីស្រាអ៊ែល អះអាងថា អ៊ីរ៉ង់បានប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងការវាយប្រហារនេះ ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះ កាសែតដឹថាម អោហ្វ អ៊ីស្រាអ៊ែល (The Times of Israel) បានស្រង់សម្តីពីក្រសួងសុខាភិបាលថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មនុស្សជាង ១០០ នាក់ដែលរងរបួសដោយសារតែជម្លោះជាមួយអ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
សង្គ្រាមរវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី៣ ហើយ បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអ៊ែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ រហូតមកដល់ពេលនេះ ភាគីទាំងពីរនៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ដោយគ្មានសញ្ញានៃការថយចុះឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.