ព័ត៌មានអន្តរជាតិ

លោកត្រាំ៖ អ៊ីរ៉ង់ចង់ងាកមករកតុចរចាវិញយ៉ាងខ្លាំង ក្រោយបាត់បង់សមត្ថភាពវាយប្រហារទ្រង់ទ្រាយធំ

image

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីជោគជ័យដ៏ធំធេងនៃយុទ្ធនាការយោធារបស់សហរដ្ឋអាម៉េរិក ដោយអះអាងថា សមត្ថភាពការពារជាតិរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។ តាមរយៈការវាយប្រហារជាបន្តបន្ទាប់ អាម៉េរិកបានលុបបំបាត់កងទ័ពអាកាស ជើងទឹក និងប្រព័ន្ធការពារអាកាស ដែលធ្វើឱ្យអ៊ីរ៉ង់បាត់បង់លទ្ធភាពក្នុងការតបតវិញក្នុងទ្រង់ទ្រាយធំ ។

ជាងនេះទៀត លោក ត្រាំ ក៏បានផ្ញើសារទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសចិន ឱ្យចូលរួមទទួលខុសត្រូវលើសន្តិសុខតាមច្រកសមុទ្រហ័រមូស។ លោកយល់ថា ប្រទេសដែលទទួលបានផលប្រយោជន៍ពីប្រេងនៅតំបន់នោះច្រើនជាងគេ គួរតែចូលរួមជួយយាមកាមជាមួយអាម៉េរិក ជាជាងទុកឱ្យអាម៉េរិកចំណាយកម្លាំង និងថវិកាការពារតែម្នាក់ឯង ។

ទោះជាបែបណាក្ដី លោក ត្រាំ ក៏បានបង្ហើបពីយុទ្ធសាស្ត្រ «ទុកផ្លូវឱ្យដកដង្ហើម» ដោយលោកបានសម្រេចចិត្តមិនទាន់កម្ទេចបំពង់បង្ហូរប្រេងសំខាន់ៗនៅលើកោះ ខាក (Kharg) នៅឡើយទេ បើទោះបីជាកងទ័ពអាម៉េរិកបានរៀបចំរួចរាល់សម្រាប់ការវាយប្រហារក៏ដោយ ។

នេះគឺជាការដាក់សម្ពាធយ៉ាងខ្លាំង ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ដឹងខ្លួនថា សេដ្ឋកិច្ច និងប្រភពចំណូលតែមួយគត់របស់ខ្លួន កំពុងស្ថិតក្នុងកណ្ដាប់ដៃរបស់អាម៉េរិក។ មេដឹកនាំអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា ស្ថានភាពទាល់ច្រករបស់អ៊ីរ៉ង់បានធ្វើឱ្យទីក្រុងតេហ៍រ៉ង់បង្ហាញសញ្ញាចង់ងាកមករកតុចរចាវិញយ៉ាងខ្លាំង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY| រូបភាព៖ VIORY/ Thai Enquirer/ Iran Military