លោក វង្សី វិស្សុត ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
កំពង់ធំ៖ លោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
គម្រោងសាងសង់នេះ គឺជាគំនិតផ្តួចផ្តើមរបស់លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ គម្រោងសាងសង់នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែតអនុប្រធានគណបក្ស គឺ «គណបក្ស ប្រជាជន កម្ពុជា នឹងនៅជាមួយ ប្រជាពលរដ្ឋ និង បម្រើប្រជាពលរដ្ឋក្នុង រយៈពេលយូរ អង្វែងតទៅទៀត ដោយឈរលើមូលដ្ឋាន ធំៗពីរ ទី១). ប្រជាពលរដ្ឋ នៅតែឱ្យតម្លៃទៅលើសច្ចភាព និង ការខិតខំប្រឹង ប្រែងរបស់ គណបក្ស ប្រជាជន កម្ពុជា ដែលជាអ្នកធ្វើពិតប្រាកដ និង ទី២). គណបក្សប្រជាជនកម្ពុជា នឹងមិនបោះបង់ចោល នូវ បុព្វហេតុ របស់ខ្លួន ក្នុង ការ បម្រើ ជាតិ និង ប្រជាជន » ហើយមូលដ្ឋានទាំង ពីរ នេះ ធានានូវការដឹកនាំ យូរអង្វែង របស់ គណបក្ស ប្រជាជន កម្ពុជា ។
គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំនេះ គឺដើម្បីជំនួសទីស្នាក់ការគណបក្សខេត្តកំពង់ធំបច្ចុប្បន្នដែលមានសភាពតូចចង្អៀត និងមិនអាចឆ្លើយតបបានទៅនឹងការងារគណបក្ស ដូចនេះ លោក វង្សី វិស្សុត និងក្រុមការងារបានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការសាងសង់ទីស្នាក់ការគណបក្សខេត្តថ្មី ដើម្បីឱ្យមានភាពស័ក្តិសម និងមានមុខងារគ្រប់គ្រាន់អាចឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់នៃការងារប្រកបដោយប្រសិទ្ធភាព។ គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ ដោយរចនាប្លង់តាមរចនាបទខ្មែរ ដើម្បីឱ្យមានភាពស័ក្តិសម និងមានពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព ដែលរួមមាន អគារចំនួន៦ អគារសាលប្រជុំ, អគាររដ្ឋបាល, អគារផ្ទះបាយ, អគារទទួលទានអាហារ, រោងសម្រាប់ដាក់គ្រឿងចក្រ និងកន្លែងសម្រាប់ទទួលទានអាហារ។ ក្រៅពីអគារសំខាន់ខាងលើនេះ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រ រួមមានផ្លូវ, របង, សួនច្បារ, ចំណតរថយន្ត និងទីធ្លាសម្រាប់រៀបចំមីទ្ទីងផ្សេងៗដែលអាចផ្ទុកមនុស្សចំនួនប្រមាណ ១ម៉ឺននាក់។ មក ដល់បច្ចុប្បន្ន ការងារសាងសង់សម្រេចបានប្រមាណ៣៥% គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។
លោក វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ដែលបានចំណាយធនធាន និងកៀរគរសប្បុរសជន ក្នុងការកសាងទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ធំនេះឡើង ដើម្បីចូលរួមកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំខ្លាំងឡើង សំដៅសម្រេចនូវចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំឱ្យទៅជា មូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា៕