ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យនិងព្យាបាលជំងឺទូទៅឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជិត៤ពាន់នាក់ នៅស្រុកឱរ៉ាល់
កំពង់ស្ពឺ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានលើកឡើងថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខមាលភាព និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរ មកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
ជាមួយនោះ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងដោយគូសបញ្ជាក់ថា គោលបំណងសំខាន់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា។ ជាងនេះ បណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដទៃទៀត ឱ្យបានចូលរួមចំណែកបម្រើការងារមនុស្សធម៌ក្នុងសង្គម។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់ផងដែរថា ការចុះពិនិត្យ ព្យាបាលដោយឥតគិតរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៦០០នាក់នេះ មកពីបណ្តាមន្ទីរពេទ្យល្បីៗក្នុងរាជធានីភ្នំពេញនិងសិស្សនិស្សិតស្ម័គ្រចិត្តដែលបាននិងកំពុងសិក្សាវិជ្ជាជីវៈគ្រូពេទ្យ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានចាត់ទុកសកម្មភាពទាំងនេះគឺពិតជាបានជួយកាត់បន្ថយនូវភាពក្រីក្រ និងការចំណាយរបស់ប្រជាពលរដ្ឋបានមួយកម្រិត។ លោកថា គិតមកទល់ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះពិនិត្យនិងព្យាបាលដល់ពលរដ្ឋក្នុងខេត្តនេះ បានជាង១លាននាក់រួចហើយ ដែលការចំណាយលើការពិនិត្យ ព្យាបាលប្រមាណជាង៣លានដុល្លារ៕
អត្ថបទ៖ប៊ុត សារុន