ចាប់ខ្លួនជនជាតិបង់ក្លាដេស ១៥នាក់ បន្លំខ្លួនជាបុគ្គលិក World Bank ប៉ុន្តែជាជនឆបោក Online scam នៅក្នុងបុរីពិភពថ្មីសែនសុខ
ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ក្នុងបុរីពិភពថ្មី ធនាគារជាតិ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនជាតិបង់ក្លាដេស ១៥នាក់ និងដកហូតកុំព្យូទ័រ និងទូរសព្ទដៃមួយចំនួន ដែលជនសង្ស័យប្រើប្រាស់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)ចេញផ្សាយនៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
ការចុះបង្ក្រាបនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថកិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្រួលនីតិវិធីច្បាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពប្រើប្រាស់គណនី Facebook និង Telegram បន្លំខ្លួនជាបុគ្គលិករបស់ធនាគារពិភពលោក ដោយក្រុមនេះកាត់តរូបភាព តាមកម្មវិធី Canva ក្លែងឡូហ្គោពីធនាគារពិភពលោក (World Bank) ដើម្បីបោកអ្នកដទៃឱ្យដាក់ប្រាក់កម្ចីមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងៗជាច្រើនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
គ.ប.ឆ.ប.បានឱ្យដឹងថា តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមទីតាំងធំៗ រួមមានៈ កាស៊ីណូ ខុនដូរ សណ្ឋាគារកន្លងមកនេះ ឥឡូវក្រុមឧក្រិដ្ឋជនបានប្តូរទិសដៅធ្វើសកម្មភាពបែងចែកជាក្រុមតូចៗ ធ្វើសកម្មភាពនៅតាមផ្ទះសំណាក់ ឬផ្ទះល្វែងវិញម្តង ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕