ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី៖ អំឡុងជម្លោះប្រដាប់អាវុធ តាមព្រំដែនជាមួយថៃ, ស្ត្រីបានចូលរួមបំពេញ នៅសមរភូមិជួរមុខ ដែលបង្ហាញថា ស្ត្រីគឺមានសមត្ថភាពខ្ពស់ ក្នុងការបំពេញការងារលើគ្រប់វិស័យ

image



ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ មានប្រសាសន៍ថា ថ្មីៗនេះ អំឡុងពេលស្ថានភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ស្ត្រីកម្ពុជា នៅចងចាំអស់ពេញមួយជីវិត និងមិនអាចបំភ្លេចបាននូវគុណបំណាច់ នៃបេសកកម្មដ៏អង់អាច ក្លាហាន ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន របស់កងកម្លាំងប្រដាប់អាវុធ ក្នុងនោះមានកងទ័ព នគរបាល និងកងរាជអាវុធហត្ថ។

មានប្រសាសន៍ក្នុងពិធីជួបជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកិច្ចការនារី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១៥៥ ក្រោមប្រធានបទ៖សន្តិភាព សន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ, លោកស្រីរដ្ឋមន្ត្រី បានបន្តថា នៅពេលនោះផងដែរ យើងក៏បានឃើញនូវវីរៈភាពរបស់ស្ត្រី ដែលមិនអាចបំភ្លេចបាន ក្នុងការចូលរួម និងបំពេញតួនាទីជា កងទ័ព នគរបាល និងកងរាជអាវុធហត្ថ នៅសមរភូមិជួរមុខ ព្រមទាំងបានចូល រួមយ៉ាងសកម្មនៅជួរក្រោយ ទៅតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងលទ្ធភាពរបស់ខ្លួន។

តួយ៉ាង ស្ត្រីបានដើរតួនាទីជាអ្នកការទូត ជាអ្នកនាំពាក្យ ជាអ្នកសារព័ត៌មាន ជាគ្រូបង្រៀន ជាមន្ត្រីរាជការ ក្នុង មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលជាកងកម្លាំងអាវស ជាអ្នកវិនិយោគ និងអាជីវករ ដែលបាន ឈរជើងយ៉ាងរឹងមាំនៅជួរក្រោយ ជួយគាំទ្រ និងឧបត្ថម្ភ ផ្នែកសេវាសុខាភិបាល អប់រំ និងភស្តុភា ដើម្បីជួយដល់កងទ័ពជួរមុខ និងក្រុមគ្រួសារភៀសសឹក ដែលទាំងនេះបង្ហាញយ៉ាងច្បាស់ថា “ស្ត្រី មានភាពទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយ ហើយស្ត្រីគឺមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារលើគ្រប់វិស័យ» ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ មានប្រទេសប្រមាណ១៩៣ នៅទូទាំងសកលលោក បានប្រារព្ធពិធីអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ និងសកម្មភាពផ្សេងៗ ដែលមានសង្គតិភាពជាមួយបរិបទ នៃប្រទេសរបស់ខ្លួន ឬមានសង្គតិភាពជាមួយទិដ្ឋភាពជាសកលរបស់អង្គការសហប្រជាជាតិ។

ខណៈពេលពិភពលោក បច្ចុប្បន្នកំពុងមានភាពតាន់តឹង ភាពមិនប្រកបនិយម និងមានជម្លោះ ប្រដាប់អាវុធនៅតាមតំបន់មួយចំនួន ក៏ដូចជានៅតាមព្រំដែនកម្ពុជា-ថៃ, គណៈកម្មការរៀបចំទិវា អន្តរជាតិនារី ឆ្នាំនេះ បានជ្រើសរើសប្រធានបទ «សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ» ដើម្បីគូសបញ្ជាក់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន នៃការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព វិបុលភាព សង្គម និងការគោរពសិទ្ធមនុស្ស ក៏ដូចរំលេចពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ច ខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពយូរអង្វែង។

ចំពោះស្ត្រីនិងក្មេងស្រី សន្តិភាព មានអត្ថន័យលើសពីអវត្តមាននៃជម្លោះ ពោល គឺការធានាបាននូវ សុវត្ថិភាព ការពារសិទ្ធិ ការលើកកម្ពស់តម្លៃនិងសេចក្តីថ្លៃថ្នូរ ការផ្តល់នូវកាលានុវត្តភាពពេញលេញ សម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការរួមចំណែក ក៏ដូចទទួលភាគផលដោយស្មើភាពពីកិច្ចអភិវឌ្ឍន៍។ “គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់!»៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី