ព័ត៌មានអន្តរជាតិ

ឈីលី និងអាម៉េរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើប្រភេទរ៉ែសំខាន់ៗ និងរ៉ែកម្រ

image

ឈីលី៖ រដ្ឋាភិបាលនៃប្រទេសឈីលី និងសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់លើវិស័យរ៉ែសំខាន់ៗ និងរ៉ែកម្រ ក្នុងអំឡុងជំនួបទ្វេភាគីនៅទីក្រុងសាន់ធីអាហ្គោ (Santiago)។

ឯកសារនៃសេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសឈីលី លោក ហ្វ្រ៊ែនស៉ីស្កូ ប៉េរ៉េស មែនឃែនណា (Francisco Perez Mackenna) និងអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក គ្រីស្តូរហ្វ័រ ឡាន់ដៅ (Cristopher Landau) ក្រោមវត្តមានផ្ទាល់របស់ប្រធានាធិបតីថ្មីនៃប្រទេសឈីលី គឺលោក ហូសេ អាន់តូនីញ៉ូ ខេស (Jose Antonio Kast) ។

យោងតាមក្រសួងការបរទេសឈីលី ឱ្យដឹងថា ប្រធានបទដែលលើកយកមកជជែកក្នុងកិច្ចពិគ្រោះយោបល់នេះ រួមមានការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការគ្រប់គ្រងសំណល់រ៉ែសំខាន់ៗ និងរ៉ែកម្រដើម្បីធ្វើឱ្យប្រភពផ្គត់ផ្គង់កាន់តែសំបូរបែប ព្រមទាំងការស្វែងរកយន្តការហិរញ្ញវត្ថុ ទាំងផ្នែករដ្ឋ និងឯកជន សម្រាប់គម្រោងវិនិយោគក្នុងវិស័យនេះ ។

កិច្ចពិគ្រោះយោបល់ជុំដំបូងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៥ ថ្ងៃខាងមុខ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងជាផ្លូវការលើរ៉ែសំខាន់ៗ និងរ៉ែកម្រទាំងនេះ។ សូមបញ្ជាក់ថា រ៉ែកម្រ គឺជាក្រុមនៃលោហៈធាតុចំនួន ១៧ ប្រភេទ ដែលមិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាទំនើប រួមមាន រថយន្តអគ្គិសនី អេក្រង់ មេដែក និងអាវុធយោធាជាដើម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Vecteezy