ព័ត៌មានអន្តរជាតិ

នគរបាលឃាត់ខ្លួនមេក្លោង និងបក្ខពួកគ្រឿងញៀន​៧នាក់ នៅកំពង់ស្ពឺ ត្រឹមតែ៧២ម៉ោង

image

កំពង់ស្ពឺ​៖ មេក្លោង និងបក្ខពួកដែលពួនសំងំក្នុងទីតាំងអសុវត្ថិភា​ព តែអាចបញ្ជា​ទិញ-លក់​និងចរាចរណ៍គ្រឿងញៀនទៅឱ្យអ្នកផ្សេងបាន ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន​បានចំនួន ៧នាក់ ក្រោមប្រតិបត្តិការដែលប្រើពេលត្រឹមតែ៧២ម៉ោងប៉ុណ្ណោះ។

លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនៃស្នងការដ្ឋាននគរបា​លខេត្ដកំពង់ស្ពឺ បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ថា កម្លាំងនគរបាល​ផែនការងារប្រឆាំងគ្រឿងញៀន​ក្រោមការដឹកនាំរបស់ស្នងការរង២រូប និងសម្របសម្រួលដោយលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបានបើកប្រតិបត្តិការស្រាវជ្រាវករណីទិញលក់ និងចរាចរណ៍គ្រឿងញៀនដែលមានការបញ្ជា និងចាត់តាំងត្រឹមត្រូវពីប្រភពអាថ៌កំបាំង ដោយប្រើពេលអស់រយៈពេល​៧២ម៉ោង។ ទីបំផុតកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីជាមុខសញ្ញាមេក្លោង និងបក្ខពួក៧នាក់ និងរឹបអូសគ្រឿងញៀនបានចំនួនធំ។

លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានបញ្ជាក់ថាគ្រឿងញៀនដែលរឹបអូសបាន គឺមុខសញ្ញាខាងលើបានយកទៅលាក់ទុកនៅទីសុវត្ថិភាពមួយដើម្បីផ្តល់បន្តទៅមុខសញ្ញាផ្សេងទៀត និងមួយចំនួនធំដែ​លជន​សង្ស័យជាបក្ខពួកបានបញ្ជាឱ្យយកមកលាក់ទុកដេីម្បីធ្វេីសកម្មភា​ព​ចែកចាយលក់បន្ដអោយទៅអ្នកផ្សេង​។ គ្រឿងញៀនដែលរឹបអូសបានមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជា​គ្រឿងញៀនចំនួន ១៥កញ្ចប់​(ធំ​១០​,មធ្យម២,តូច៣)​មានទម្ងន់ប្រមាណ១៦​៩៧.​២​​៧​ក្រាម, សារធាតុមិនច្បាស់ ១កញ្ចប់មធ្យម ទម្ងន់ ២,៩៣ក្រាម, ទូរស័ព្ទ​ចំនួន៩គ្រឿង, ម៉ូតូ២គ្រឿ​ង, ជញ្ជី​ង​ថ្លឹងគ្រឿង​ញៀ​ន ១, ថង់វេចខ្ចប់ និ​ងឧបករណ៍​ស​ម្រា​ប់ប្រើប្រាស់គ្រឿ​ងញៀនមួ​យចំនួ​ន។

ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានផ្ដេីមចេញពីចំណុចភូមិពង្រ ឃុំស្រ​ង់ ស្រុកគងពិសីឃាត់ខ្លួនឈ្មោះ ខឹម សុផា ហៅ វ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី, ឈ្មោះ រឿន គឹមសាន្ត ហៅ មុំ ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី, ឈ្មោះ ស៊ិប ដន ហៅ គោ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃព​ង្រ ឃុំរកាកោះ ស្រុកគងពិសី, ឈ្មោះ យឿន យ៉េង ភេទស្រី អាយុ ៣៣ឆ្នាំ, ឈ្មោះ ឌឹម ឡាញ់ ភេទស្រី អា​យុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ​៨ ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី, ឈ្មោះ នួន សុខុន ហៅ នីន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង, ឈ្មោះ សា រ៉ាថាន់ ភេទប្រុស
អាយុ ៣៤ឆ្មាំ នៅភូមិកំណប់ ឃុំរំលាំងគ្រើល ស្រុកសំរោងទង។ រីឯបក្ខពួកម្នាក់ទៀត ឈ្មោះ ខ ព​ ស​ នៅភូមិត្រពាំ​ងអំពិល ឃុំត្រពាំងគង ស្រុកសំរោ​ងទងបានរត់​គេចខ្លួនបាត់​។

បច្ចុប្បន្នមេក្លោង និងបក្ខពួកទាំង៧នាក់ខាងលើ កំពុងស្ថិតក្រោមការសួរនាំរបស់មន្រ្តីជំនាញនៃការិល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទ៖ ប៊ុត សារុន