ព័ត៌មានអន្តរជាតិ

យោធាអាម៉េរិក​៖​ ការធ្លាក់យន្តហោះចាក់សាំងលើអាកាស​ ដែលសម្លាប់នាវិក៤នាក់​ មិនមែនបណ្ដាលមកពីការវាយប្រហារណាមួយឡើយ

image

សហរដ្ឋអាម៉េរិក៖ កងទ័ពសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីការបាត់បង់ជីវិតរបស់សមាជិកក្រុមនាវិកចំនួន ៤ នាក់ ដែលស្ថិតនៅលើយន្តហោះចាក់សាំងលើអាកាសរបស់កងទ័ពអាកាសអាម៉េរិក​ ដោយយន្តហោះនេះបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។

យោធាបានបញ្ជាក់ថា ហេតុការណ៍នេះមិនមែនបណ្ដាលមកពីការបាញ់ប្រហាររបស់សត្រូវ ឬការបាញ់ច្រឡំគ្នាឯងនោះទេ ប៉ុន្តែវាមានការពាក់ព័ន្ធជាមួយយន្តហោះចាក់សាំងអាម៉េរិកទី ២ មួយគ្រឿងទៀត។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិក (CENTCOM) បានចេញសេចក្តីថ្លែងការណ៍តាមរយៈបណ្ដាញសង្គម X កាលពីព្រឹកថ្ងៃសុក្រថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកសមាជិក ២ នាក់ផ្សេងទៀត ដែលស្ថិតនៅលើយន្តហោះប្រភេទ KC-135 Stratotanker នោះ។

ទីភ្នាក់ងារ CENTCOM បានបន្តថា មូលហេតុនៃការធ្លាក់យន្តហោះកាលពីថ្ងៃព្រហស្បតិ៍នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ​ ខណៈឈ្មោះជនរងគ្រោះ​ គេនៅមិនទាន់ត្រូវបានបញ្ចេញអត្តសញ្ញាណទេ​ ដោយត្រូវរង់ចាំរយៈពេល ២៤ ម៉ោងសិន បន្ទាប់ពីបានផ្ដល់ដំណឹងទៅកាន់ក្រុមគ្រួសារសពរួចរាល់៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ CNN | រូបភាព៖​ Hiro Komae/AP/File