ព័ត៌មានអន្តរជាតិ

ប្រជាជននៅភាគខាងត្បូងប្រទេសលីបង់ រស់នៅដោយភាពភ័យខ្លាច ខណៈអ៊ីស្រាអ៊ែលបន្តទម្លាក់គ្រាប់បែករាល់ថ្ងៃ

image

លីបង់៖ ស្ថានភាពនៅភាគខាងត្បូងប្រទេសលីបង់ ជាពិសេសក្នុងតំបន់ណាបាទីយ៉េ (Nabatieh) បានប្រែក្លាយទៅជាស្ងាត់ជ្រងំ ខណៈប្រជាជនភាគច្រើនបានបោះបង់ផ្ទះសម្បែងរត់ភៀសខ្លួនដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអ៊ែល។ អ្នកដែលមិនអាចចាកចេញបាន ត្រូវរស់នៅក្រោមការភ័យខ្លាចពីសំឡេងយន្តហោះចម្បាំង និងដ្រូនដែលហោះកាត់ពីលើអាកាសជារៀងរាល់ថ្ងៃ ។

ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើអគារស្នាក់នៅរបស់ជនស៊ីវិល ដែលបណ្តាលឱ្យមនុស្សម្នាជាច្រើនត្រូវស្លាប់ និងកប់ក្រោមគំនរបាក់បែក។ សាក្សី និងអាជ្ញាធរក្នុងតំបន់ អះអាងថា តំបន់ដែលរងការវាយប្រហារមិនមែនជាមូលដ្ឋានយោធានោះទេ ប៉ុន្តែជាទីកន្លែងដែលប្រជាជនសាមញ្ញរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

ក្រុមអ្នកសង្គ្រោះបន្ទាន់ និងគ្រូពេទ្យដែលធនធានដ៏សំខាន់ចុងក្រោយសម្រាប់មនុស្សចាស់ និងក្មេងៗ ក៏កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរ។ ក្នុងរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ មន្ត្រីសង្គ្រោះរាប់សិបនាក់បានបាត់បង់អាយុជីវិត និងរងរបួសក្នុងកំឡុងបំពេញបេសកកម្មមនុស្សធម៌ ដែលសកម្មភាពរបស់អ៊ីស្រាអ៊ែលខាងលើនេះ ត្រូវបានចាត់ទុកថាជាបទល្មើសសង្គ្រាមក្រោមច្បាប់អន្តរជាតិ ។

គោលបំណងរបស់អ៊ីស្រាអ៊ែលក្នុងការបង្កើតតំបន់ទ្រនាប់នៅភាគខាងត្បូងលីបង់ កំពុងធ្វើឱ្យមានការបារម្ភថា ជនភៀសខ្លួនរាប់សែននាក់ នឹងមិនអាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានជារៀងរហូត។ ជម្លោះនេះកាន់តែរីកធំឡើង និងមានសភាពកាន់តែសាហាវ ដែលធ្វើឱ្យជីវិតជនស៊ីវិលស្លូតត្រង់ក្លាយជាជនរងគ្រោះនៃសង្គ្រាមដ៏រ៉ាំរ៉ៃមួយនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's video.