មេសិទ្ធិមនុស្សកម្ពុជា ប្រាប់អ្នកសម្របសម្រួល UN ប្រចាំកម្ពុជាអំពីទង្វេីរំលោកភបំពានសិទ្ធមនុស្សពីសំណាក់យោធាថៃមកលេីពលរដ្ឋកម្ពុជា និងអធិបតេយ្យភាពកម្ពុជា
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងលោកលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator) បានជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានទទួលការស្វាគមន៍លោកស្រី Vladanka Andreeva និងសហការី ហើយបានគូសបញ្ជាក់អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា, ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ, ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការ ប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន, ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក, ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ, ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៤០ ០០០នាក់ មិនអាចត្រលប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។
លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងសហប្រតិបត្តិការយ៉ាងពេញលេញជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពសណ្តាប់ធ្នាប់ពិភពលោកកំពុងធ្លាក់ចុះ ព្រមទាំងនៅតែបន្តប្រកាន់យកជំហរនៃការអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការច្បាប់ដែលមានស្រាប់ ព្រមទាំងបន្តខិតខំការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ក្នុងឱកាសនេះ លោកស្រី Vladanka Andreeva បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយយន្តការអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងយកចិត្តទុកដាក់ខ្ពស់ចំពោះ សហគមន៍ LGBTQIA+។ លោកស្រីក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពជម្លោះដែលបានកើតឡើងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបង្កផលប៉ះពាល់ដល់ពលករទេសន្តប្រវេសន៍ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
លោកស្រីបានគូសបញ្ជាក់ថា ជម្លោះតែងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជន និងការអភិវឌ្ឍសង្គម ហើយបានសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែថែរក្សា និងច្បាប់អន្តរជាតិត្រូវតែគោរព។ លោកស្រីក៏បានលើកឡើងពីសារៈសំខាន់នៃ លំហរស៊ីវិល និងតួនាទី របស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម ជាពិសេសអំឡុងពេលជនភៀសសឹកកំពុងត្រូវការការគាំពារយ៉ាងខ្លាំង។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងជឿជាក់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ជាមួយអង្គការសង្គមស៊ីវិល និងបានបើកចំហលំហរស៊ីវិល ឱ្យមានការចូលរួមយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
ក្នុងឱកាសនោះផងដែរ លោកស្រី ឡុង សូនីតា អនុប្រធាន គ.ស.ម.ក. បានលើកឡើងអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាក្នុងវិស័យសិទ្ធិមនុស្ស រួមមាន ការអនុវត្តអនុសាសន៍នៃយន្តការ Universal Periodic Review (UPR) ការកសាងសមត្ថភាពស្ថាប័ន ការគាំទ្រផ្នែកបច្ចេកទេស ការរៀបចំមូលដ្ឋានទិន្នន័យតាមដានអនុសាសន៍ជាតិ (National Recommendations Tracking Database-NRTD) ការអប់រំ និងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការគាំទ្រដល់ក្រុមងាយរងគ្រោះ រួមមានជនភៀសសឹកកម្ពុជា ជាពិសេសការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងការគាំទ្រការអប់រំដល់កុមារភៀសសឹក ព្រមទាំងការលើកកម្ពស់ការ យល់ដឹងអំពីសិទ្ធិ និងសមភាពសម្រាប់សហគមន៍ LGBTQIA+ ជាដេីម៕