ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាម៉េរិក រិះគន់លោកត្រាំ ថាព្យាយាមលាក់បាំងការពិត ជុំវិញការវាយប្រហារលើសាលារៀនសម្រាប់ក្មេងស្រីនៅអ៊ីរ៉ង់

image

សហរដ្ឋអាម៉េរិក៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាអាម៉េរិក លោក ឈុក ស៊ូមើ (Chuck Schumer) កាលពីថ្ងៃព្រហស្បតិ៍ បានចេញមុខរិះគន់ដោយចោទប្រកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ថាបានព្យាយាមភូតកុហក់ដោយលាក់បាំងការពិតពីប្រជាជនអាម៉េរិក ជុំវិញការវាយប្រហារតាមអាកាសដែលបានធ្លាក់ចំសាលារៀនសម្រាប់ក្មេងស្រីនៅក្នុងប្រទេសអ៊ីរ៉ង់។ លោក ស៊ូមើ (Schumer) យល់ថា វាជារឿងមិនអាចទៅរួចដែលប្រធានាធិបតីមិនបានដឹងរឿងនេះ ខណៈរបាយការណ៍សម្ងាត់ត្រូវបានបញ្ជូនទៅឱ្យលោកជារៀងរាល់ថ្ងៃ ។

ការរិះគន់នេះ បានកើតឡើងចំពេលមានការសង្ស័យថា កងទ័ពអាម៉េរិកប្រហែលជាអ្នកនៅពីក្រោយការវាយប្រហារដ៏សោកនាដកម្មខាងលើ។ លោក ស៊ូមើ (Schumer) លើកឡើងថា ប្រសិនបើលោក ត្រាំ មិនបានភូតកុហក នោះមានន័យថារដ្ឋបាលរបស់លោកកំពុងជួបភាពវឹកវរក្នុងការគ្រប់គ្រងព័ត៌មាន ដែលជាសញ្ញាគ្រោះថ្នាក់បំផុតសម្រាប់ការដឹកនាំប្រទេសក្នុងគ្រាមានសង្គ្រាម ។

ក្រៅពីបញ្ហាសាលារៀន លោក ស៊ូមើ (Schumer) ក៏បានព្រមានពីផលវិបាកនៃយុទ្ធសាស្ត្រសង្គ្រាមដែលកំពុងជំរុញឱ្យអ៊ីរ៉ង់ប្រើប្រាស់វិធានការបិទច្រកសមុទ្រហ័រមូស (Hormuz) ដើម្បីសងសឹក ដោយលោកយល់ថា ភាពមិនច្បាស់លាស់ និងការផ្ដល់ព័ត៌មានមិនពិតរបស់សេតវិមាន កំពុងធ្វើឱ្យសន្តិសុខសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងហានិភ័យ ដោយសារតែការឡើងថ្លៃថាមពល ។

ស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែរីកធំឡើងៗ បន្ទាប់ពីអាម៉េរិក និងអ៊ីស្រាអ៊ែលបានបើកការវាយប្រហាររួមគ្នាដោយសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ និងបង្កវិនាសកម្មជាច្រើន។ ការផ្លាស់ប្តូរមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ និងការបន្តវាយបកវិញដោយមីស៊ីល និងដ្រូន បានធ្វើឱ្យជម្លោះនេះកាន់តែស្មុគស្មាញ និងពិបាកក្នុងស្វែងរកផ្លូវសន្តិភាពក្នុងពេលឆាប់ៗខាងមុខ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Abbas Zakeri/Mehr News Agency via AP)/ (AP Photo/Mark Schiefelbein)