ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ព្រមានថា គ្មានការធានារ៉ាប់រងជីវិតសម្រាប់មេដឹកនាំអ៊ីរ៉ង់ និងក្រុមហេសបូឡាហ៍នោះទេ

image

អ៊ីស្រាអ៊ែល៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១២ ខែមីនា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសពីជោគជ័យដ៏ធំធេងក្នុងការកម្ទេចហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ ក្រោមសម្ព័ន្ធភាពយោធាដ៏រឹងមាំជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។ លោកសង្កត់ធ្ងន់ថា សកម្មភាពយោធានេះ ចាំបាច់បំផុតដើម្បីទប់ស្កាត់អ៊ីរ៉ង់មិនឱ្យផលិតអាវុធនុយក្លេអ៊ែរបានសម្រេច ដែលអាចគំរាមកំហែងដល់សន្តិសុខពិភពលោក ។

មេដឹកនាំអ៊ីស្រាអ៊ែលរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ និងមេដឹកនាំក្រុមហេសបូឡាហ៍ គឺជាគោលដៅបន្ទាប់ ហើយពួកគេនឹងមិនមានសុវត្ថិភាព ឬការធានារ៉ាប់រងអាយុជីវិតឡើយ។ លោកបានលើកឡើងថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ លោក ម៉ុចតាបា ខាមេនី បច្ចុប្បន្នកំពុងសម្ងំលាក់ខ្លួនមិនហ៊ានចេញមុខនោះទេ បន្ទាប់ពីអ៊ីស្រាអ៊ែល បានវាយកម្ទេចទីតាំងយោធាសំខាន់ៗ និងកម្ចាត់ឪពុករបស់លោកម៉ុចតាបា រួចមក ។

ក្រៅពីការប្រើប្រាស់កម្លាំងយោធា អ៊ីស្រាអ៊ែលក៏កំពុងលើកទឹកចិត្ត និងជួយជ្រោមជ្រែងឱ្យប្រជាជនអ៊ីរ៉ង់ងើបឈរឡើងដោយផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន ដើម្បីទទួលបានសេរីភាពឡើងវិញ។ ទន្ទឹមនឹងនេះ លោកបានព្រមានរដ្ឋាភិបាលលីបង់ឱ្យចាត់វិធានការលើក្រុមហេសបូឡាហ៍ជាបន្ទាន់ បើមិនដូច្នោះទេ អ៊ីស្រាអ៊ែល នឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើទឹកដីលីបង់ដោយផ្ទាល់ ដើម្បីធានាសុវត្ថិភាពជូនប្រជាជនរបស់ខ្លួន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ ( AFP / ANDREW CABALLERO-REYNOLDS)/ CENTCOM/ newslivetv on Microsoft Bing