ព័ត៌មានអន្តរជាតិ

អ្នករស់នៅក្នុងទីក្រុងសេអ៊ូល ចេញតវ៉ាដោយថ្កោលចំពោះការវាយប្រហារលើសាលារៀនសម្រាប់ក្មេងស្រីនៅអ៊ីរ៉ង់

image

សេអ៊ូល៖ ប្រជាជនក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី១១ ខែមីនា បានចេញមកធ្វើការតវ៉ាដើម្បីសម្តែងការមិនពេញចិត្ត និងថ្កោលទោសចំពោះការវាយប្រហារដោយមីស៊ីលលើសាលារៀននៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រុមអ្នកតវ៉ា បានទាមទារឱ្យមានការផ្ដន្ទាទោសអ្នកដឹកនាំសង្គ្រាមក្នុងនាមជាឧក្រិដ្ឋជនសង្គ្រាម ដោយសារតែសកម្មភាពយោធានេះបានបង្កវិនាសកម្មដល់ជីវិតជនស៊ីវិលស្លូតត្រង់ ជាពិសេសស្ត្រី និងកុមារ ។

ភស្តុតាង បានបង្ហាញថា មីស៊ីលដែលបានធ្លាក់ចំសាលារៀនសម្រាប់ក្មេងស្រីនោះ គឺជាប្រភេទមីស៊ីល តូម៉ាហក (Tomahawk) របស់សហរដ្ឋអាម៉េរិក ដោយផ្ទុយពីការអះអាងដំបូងរបស់លោក ដូណាល់ ត្រាំ ដែលបានទម្លាក់កំហុសទៅលើអ៊ីរ៉ង់។ បច្ចុប្បន្ន រដ្ឋបាលអាម៉េរិកកំពុងស្ថិតក្រោមសម្ពាធក្នុងការស៊ើបអង្កេតការពិត ខណៈមានការសង្ស័យថា កងទ័ពអាម៉េរិកប្រហែលជាប្រើប្រាស់ទិន្នន័យគោលដៅខុសដែលនាំឱ្យមានគ្រោះថ្នាក់នេះកើតឡើង ។

សោកនាដកម្មនេះ គឺជាផ្នែកមួយនៃសង្គ្រាមដែលកំពុងអូសបន្លាយរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈ។ ចាប់តាំងពីមេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានសម្លាប់មក ស្ថានការណ៍កាន់តែវឹកវរខ្លាំង ដោយសារតែការវាយបកទៅវិញទៅមកបានរីករាលដាលពាសពេញតំបន់ឈូងសមុទ្រ ដែលធ្វើឱ្យសហគមន៍អន្តរជាតិកាន់តែបារម្ភពីសុវត្ថិភាពរបស់ជនស៊ីវិលក្នុងតំបន់ជម្លោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY