ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាឱ្យបញ្ចេញប្រេងបម្រុង ១៧២ លានបារ៉ែល ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេងដែលបង្កដោយសង្គ្រាមនៅអ៊ីរ៉ង់

image

វ៉ាស៊ីនតោន, សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល ចេញពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ បន្ទាប់ពីតម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារតែសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់។ ការបញ្ចេញប្រេងនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយនឹងប្រើពេលបញ្ចេញប្រេងប្រហែល ១២០ ថ្ងៃ ដើម្បីជួយសម្រួលដល់ទីផ្សារ ។

សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាអន្តរជាតិរវាងសមាជិកទាំង ៣២ ប្រទេសនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលបានព្រមព្រៀងគ្នាបញ្ចេញប្រេងសរុបចំនួន ៤០០ លានបារ៉ែល ពីឃ្លាំងបម្រុងរបស់ពួកគេ។ រដ្ឋមន្ត្រីក្រសួងថាមពលអាម៉េរិក លោក គ្រីស រ៉ាយ (Chris Wright) បានបញ្ជាក់ថា អាម៉េរិកមានគម្រោងទិញប្រេងមកបំពេញឃ្លាំងវិញចំនួន ២០០ លានបារ៉ែល ក្នុងកំឡុងឆ្នាំក្រោយនេះ ហើយលោកបានសង្កត់ធ្ងន់ថា យុគសម័យដែលអ៊ីរ៉ង់អាចគំរាមកំហែងដល់សន្តិសុខថាមពលរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត ត្រូវបានបញ្ចប់ក្រោមការដឹកនាំរបស់លោក ត្រាំ ។

ស្ថានភាពនៅច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេង ២០% របស់ពិភពលោក កំពុងស្ថិតក្នុងភាពជាប់គាំង ដោយសារតែការភ័យខ្លាចថា នាវាដឹកប្រេងអាចនឹងរងការវាយប្រហារ។ អ៊ីរ៉ង់បានអះអាងថា ពួកគេអាចនឹងដាក់មីនក្នុងទឹក ប្រសិនបើការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែលមិនបញ្ឈប់ ដែលនាំឱ្យលោក ត្រាំ ព្រមានតបវិញនូវផលវិបាកយោធាក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក និងថែមទាំងគិតចង់ចូលគ្រប់គ្រងច្រកសមុទ្រនោះទៀតផង ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ការបញ្ចេញប្រេងបម្រុងនេះ អាចជួយកាត់បន្ថយសម្ពាធបានខ្លះ ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាផ្គត់ផ្គង់ទាំងស្រុងបានឡើយ ដរាបណាសង្គ្រាមនៅតែបន្ត។ តម្លៃប្រេងឆៅនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ (ប្រហែល ៩២ ដុល្លារក្នុងមួយបារ៉ែល) ខណៈដែលទីផ្សារពិភពលោកកំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពយោធានៅតំបន់មជ្ឈិមបូព៌ា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CBS News/ Reuters | រូបភាព៖ (Roberto Schmidt via Getty Images)/ Richard Carson via REUTERS/ AFP