លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ដោយមានអ្នកចូលរួមប្រមាណ១៧០០នាក់
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១៧០០នាក់ ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរ ដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។
លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តថា សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាពគឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួមដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្តល់កតិ្តយសប្រកបដោយក្តីសង្ឃឹម។
សម្រាប់គ្រួសារ សន្តិសុខគឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ការជួយគាំទ្រគ្នាទៅវិញទៅមក និងជាស្ថេរភាពភាពដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា ព្រឹត្តិការណ៍ដើរឆ្ពោះទៅមុខ ដើម្បីសន្តិភាពយូរអង្វែងរបស់យើងទាំងអស់គ្នានេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ និង ជាយុទ្ធនាការ
មហាជន ក្នុងគោលបំណង៖
ទី១. រំលឹកឡើងវិញ អំពីការទទួលស្គាល់ ដល់ការចូលរួមយ៉ាងសំខាន់របស់ស្ត្រីកម្ពុជា ក្នុងការកសាងថែរក្សានិងការពារសន្តិភាព ពង្រឹងសាមគ្គីភាពសង្គម ព្រមទាំងភាពធន់របស់ សហគមន៍។
ទី២. បង្ហាញថា កម្ពុជាប្តេជ្ញាបន្តគាំទ្រសន្តិភាព និងអំពាវនាវដល់ប្រទេសអាស៊ាន ដែលបាន អនុម័ត ក្នុងឆ្នាំ២០២២ ផែនការសកម្មភាពរបស់អាស៊ាន ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ឱ្យអភិវឌ្ឍ ឬ/និងអនុវត្តផែនការសកម្មភាពជាតិរបស់ខ្លួន ឱ្យក្លាយទៅជាគុណតម្លៃ ដើម្បី សន្តិសុខ និងប្រជាជាតិក្នុងតំបន់។
ទី៣. បន្តលើកកម្ពស់ការកសាងថែរក្សានិងការពារសុខសន្តិភាព ពីមហាជនគ្រប់មជ្ឈដ្ឋាន (ទាំងបុរស ទាំងស្ត្រី) ត្រូវចូលរួមរក្សាសាមគ្គី ជាថ្លុងមួយ ដើម្បីការពារសន្តិភាព សម្រាប់ មនុស្សជាតិ រស់នៅលើផែនដី។
សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសមាតាធិបតេយ្យ ដែលឱ្យតម្លៃស្ត្រីជាធំ និងបានចូលរួមអបអរសាទរទិវាអន្តរជាតិនារី ចាប់តាំងពីឆ្នាំ១៩៧៧ ក្នុងគោលបំណងគោរពដល់ការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិ សេរីភាព និងសមភាព។ ជាលទ្ធផលគួរជាទីមោទនៈ ក្នុងទិដ្ឋភាពតំបន់និងសាកល កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ១១៨ប្រទេស និងលេខ ២ ក្នុងតំបន់អាស៊ាន ក្នុងនាមជាប្រទេសដែលបានបញ្ជូនកងរក្សាសន្តិភាពស្ត្រី។ បន្ថែមពីលើនេះ កម្ពុជាបានក្លាយជាអ្នកនាំមុខក្នុងតំបន់ ក្នុងការលើកកម្ពស់អនុវត្តរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ»៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី