ទេសចរចិន ៤នាក់ រត់គេចចេញពីក្នុងឡានទាំងប្រថុយជីវិតនៅឯស្រុកម៉ែសូត ប្រទេសថៃ ក្រោយដឹងថាខ្លួនកំពុងត្រូវគេប៉ុនប៉ងជួញដូរ
ថៃឡង់ដ៍៖ ភ្ញៀវទេសចរជនជាតិចិនចំនួន ៤នាក់ បានរត់គេចខ្លួនចេញពីរថយន្តទាំងប្រថុយជីវិត ដោយគេចចេញពីការប៉ុនប៉ងជួញដូរមនុស្សក្នុងប្រទេសថៃ កាលពីយប់ថ្ងៃទី៩ ខែមីនា។ ហេតុការណ៍នេះ បានកើតឡើងនៅឯស្រុកម៉ែសូត (Mae Sot) ខេត្តតាក់ (Tak) បន្ទាប់ពីជនរងគ្រោះត្រូវគេបោកបញ្ឆោតរហូតធ្វើឱ្យវង្វេងផ្លូវ និងនាំឆ្ពោះទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ នេះបើវីដេអូពីកាមេរ៉ាសុវត្ថិភាពដែលផ្សព្វផ្សាយដោយក្រុមការងារស៊ើបអង្កេតស៊ីទ្រូ (SEE TRUE) របស់កាសែរថៃរ៉ាត់ (Thairath) ។
រូបភាពពីកាមេរ៉ាសុវត្ថិភាព បង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩:២៣ យប់ ថ្ងៃទី ៩ ខែមីនា នៅក្បែរទន្លេម៉យ (Moei) ដែលមានចម្ងាយជិត ១គីឡូម៉ែត្រពីស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ ដែលតភ្ជាប់ស្រុកម៉ែសូត ទៅកាន់ក្រុងម្យ៉ាវ៉ាឌី (Myawaddy) ប្រទេសមីយ៉ាន់ម៉ា ។
ជនរងគ្រោះទាំងនោះ រួមមានបុរស ២នាក់ និងស្ត្រី ២នាក់ ដើមឡើយមានបំណងធ្វើដំណើរពីទីក្រុងបាងកក ទៅកាន់ខេត្តឈៀងម៉ៃ ប៉ុន្តែពួកគេ ត្រូវក្រុមជនខិលខូចបោកបញ្ឆោត ហើយបើកឡាននាំពួកគេចេញពីទីតាំងដើមរហូតទាល់តែវង្វេងផ្លូវ និងសំដៅទៅស្រុកម៉ែសូតវិញ ដែលគេជឿថា ក្រុមជួញដូរមនុស្សមានបំណងយកពួកគេទៅលក់ឱ្យក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ។
តាមប្រភពព័ត៌មានដដែលនេះ បានឱ្យដឹងជាបន្តថា នៅពេលធ្វើដំណើរជិតដល់ទីកន្លែងប្រគល់ខ្លួនឱ្យក្រុមឆបោក ភ្ញៀវទេសចរទាំងនោះក៏ដឹងខ្លួនថាត្រូវគេបោក។ ភ្លាមៗនោះ បុរសជនជាតិចិនម្នាក់បានស្ទុះទៅចាប់ក្រៀកកអ្នកបើកបរពីក្រោយយ៉ាងជាប់ រហូតបង្ខំឱ្យឡានឈប់នៅត្រង់ចំណុចផ្លូវបំបែកមួយកន្លែង។ បន្ទាប់មក ជនរងគ្រោះក៏នាំគ្នាបើកទ្វារឡានរត់ចេញ រួចទៅរកអ្នកភូមិនៅក្បែរនោះឱ្យជួយ។ ក្រោយមក អ្នកភូមិក៏បានរាយការណ៍ទៅអាជ្ញាធរស្រុកឱ្យមកជួយអន្តរាគមន៍ ខណៈដែលជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា អ្នកបើកបរនោះមានកាំភ្លើងជាប់នឹងខ្លួនថែមទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | វីដេអូ៖ SEE TRUE of Thairath TV.