ព័ត៌មានអន្តរជាតិ

អាជ្ញាធរម៉ិកស៊ិក បង្ក្រាបគ្រឿងញៀនបាន ២ តោន នៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក

image

ម៉ិកស៊ិកកូ៖ កងកម្លាំងសហព័ន្ធម៉ិកស៊ិក កាលពីពេលថ្មីៗនេះ ទើបតែបង្ក្រាបបានដោយជោគជ័យលើការដឹកជញ្ជូនគ្រឿងញៀន ដោយដកហូតបានកូកាអ៊ីនប្រហែល ២ តោន នៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ ប្រតិបត្តិការនេះ ធ្វើឡើងនៅចម្ងាយជាង ៣៧០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ អាល់កាពូកូ (Acapulco) ក្នុងរដ្ឋ គូរ៉េរ៉ូ (Guerrero) ។

កងទ័ពជើងទឹកម៉ិកស៊ិក បានប្រើប្រាស់យន្តហោះ នាវាល្បាត និងទូកតូចៗ ដើម្បីស្ទាក់ចាប់ និងរកឃើញកញ្ចប់គ្រឿងញៀនទាំងនោះ ខណៈប្រតិបត្តិការនេះទទួលបានជោគជ័យ ដោយសារតែមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងលេខាធិការដ្ឋានកងទ័ពជើងទឹក, ការិយាល័យអគ្គរដ្ឋអាជ្ញា និងលេខាធិការដ្ឋានសន្តិសុខសាធារណៈ ដោយផ្អែកលើព័ត៌មានសម្ងាត់ដែលទទួលបានពីមុនមក ។

រដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក អូម៉ាហ្គាស្យា ហាហ្វាច់ (Omar Garcia Harfuch) បានឱ្យដឹងថា ចាប់តាំងពីរដ្ឋាភិបាលរបស់ប្រធានាធិបតី ក្លោឌៀ សៀនបាម (Claudia Sheinbaum) បានឡើងកាន់អំណាចមក អាជ្ញាធរម៉ិកស៊ិកបានដកហូតកូកាអ៊ីនសរុបបានជាង ៦០ តោនរួចមកហើយនៅក្នុងដែនសមុទ្រម៉ិកស៊ិក។ លោកបញ្ជាក់ដែរថា ការណ៍នេះ ធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដែលជាការកាត់ផ្តាច់ប្រភពចំណូលរបស់ពួកគេ និងជួយទប់ស្កាត់ចរាចរណ៍គ្រឿងញៀន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY